អភិបាលខេត្តតាកែវ អំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាទប់ស្កាត់បទល្មើសនេសាទ និងថែរក្សាកូនត្រីដែលបានប្រលែង ដើម្បីធានានិរន្តរភាពផលស្តុកជលផល

តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអំពាវនាវ និងណែនាំយ៉ាងម៉ឺងម៉ាត់ដល់បងប្អូនប្រជាពលរដ្ឋ និងប្រជានេសាទទាំងអស់ ឱ្យបញ្ឈប់រាល់សកម្មភាពប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ ដែលជាដើមហេតុចម្បងនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងឈានទៅរកការផុតពូជមច្ឆជាតិនៅក្នុងដែនទឹកធម្មជាតិ។

ការថ្លែងរបស់ ឯកឧត្តម អភិបាលខេត្ត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រលែងកូនត្រី និងមច្ឆជាតិចូល ទៅក្នុងប្រភពទឹកធម្មជាតិ ទំនប់ខ្ពបត្របែក ស្ថិតក្នុងឃុំអូរសារាយ ស្រុកត្រាំកក់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នេះដើម្បីស្តារ និងបង្កើនផលស្តុកជលផលនៅក្នុងភូមិសាស្ត្រខេត្តតាកែវ ។

នាឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានគូសបញ្ជាក់ថា ធនធានជលផល គឺជាប្រភពអាហារូបត្ថម្ភ និងជាប្រភពចំណូលដ៏សំខាន់របស់បងប្អូនប្រជាពលរដ្ឋមូលដ្ឋាន។ ទោះជាយ៉ាងណា ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដូចជា ឧបករណ៍ឆក់ ស្បៃមុង និងឧបករណ៍បំផ្លិចបំផ្លាញផ្សេងៗទៀត បាននិងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក និងវដ្តផលិតកម្មនៃពូជត្រីធម្មជាតិ។

បន្ថែមពីនេះ ឯកឧត្តម អភិបាលខេត្ត បានស្នើសុំយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សា និងការពារកូនត្រី និងពូជមច្ឆជាតិដែលបានប្រលែងចូលក្នុងប្រភពទឹកធម្មជាតិទាំងអស់ឱ្យបានល្អប្រសើរ ដើម្បីទុកលទ្ធភាពឱ្យពួកវាធំធាត់ និងកើនឡើងជាផលប្រយោជន៍រួមនាពេលខាងមុខ។ ជាមួយគ្នានោះ ប្រជាពលរដ្ឋត្រូវសហការរាយ ការណ៍ជូនអាជ្ញាធរដែនដី ឬសមត្ថកិច្ចជំនាញភ្លាមៗ នៅពេលប្រទះឃើញមានបទល្មើសនេសាទ និងត្រូវប្រកបមុខរបរនេសាទដោយប្រើប្រាស់តែឧបករណ៍ស្របច្បាប់តាមការណែនាំរបស់រដ្ឋបាលជលផល។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការចុះល្បាត ត្រួតពិនិត្យ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះជនខិលខូចដែលនៅតែបន្តប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីធានាឱ្យបាននូវការអភិរក្សធនធានជលផលប្រកបដោយចីរភាពសម្រាប់កូនចៅជំនាន់ក្រោយ៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Add a Comment

Your email address will not be published. Required fields are marked *