អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំក្រុមការងារចុះពិនិត្យទីទួលសុវត្ថិភាពចំនួន ៥ទីតាំង ក្នុងឃុំទន្លេបិទ ដើម្បីត្រៀមឆ្លើយតបគ្រោះមហន្តរាយ
ត្បូងឃ្មុំ ៖ ស្របពេលដែលកម្ពស់ទឹកទន្លេមេគង្គកំពុងហក់ឡើងជាបន្តបន្ទប់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំក្រុមការងារជំនាញមកពីមន្ទីរ-អង្គភាពពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពទីទួលសុវត្ថិភាពចំនួន ៥ទីតាំង ស្ថិតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦។
ការចុះត្រួតពិនិត្យទីតាំងជាក់ស្តែងនាឱកាសនោះ រួមមាន៖
ទីតាំងទី១៖ ទួលវត្តសុវណ្ណមាលី ស្ថិតក្នុងភូមិយាយស
ទីតាំងទី២៖ ទួលឧកញ៉ា អាន ម៉ារឌី ស្ថិតក្នុងភូមិទន្លេបិទ
ទីតាំងទី៣៖ ទួលឧកញ៉ា វ័ន ប៊ុនថៃ ស្ថិតក្នុងភូមិទន្លេបិទ
ទីតាំងទី៤៖ ទួលបេង ស្ថិតក្នុងភូមិអំពិលជ្រុំ
ទីតាំងទី៥៖ គល់ស្ពានទួលខ្សាច់ ស្ថិតក្នុងភូមិទួលខ្សាច់។
ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តបានជំរុញ និងណែនាំយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ជានិច្ច ទាំងកម្លាំង អន្តរាគមន៍ និងមធ្យោបាយសង្គ្រោះ ដើម្បីឆ្លើយតបបានទាន់ពេលវេលា ប្រសិនបើមានហេតុការណ៍គ្រោះមហន្តរាយ ឬជំនន់ទឹកភ្លៀងកើតឡើងជាយថាហេតុ។
ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បញ្ជាក់ថា៖ «សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងបំផុត។ យើងត្រូវរៀបចំទីទួលសុវត្ថិភាពទាំងនេះឱ្យមានសណ្តាប់ធ្នាប់ ធានាឱ្យបាននូវប្រព័ន្ធទឹកស្អាត បង្គន់អនាម័យ អគ្គិសនី ឬភ្លើងបំភ្លឺ និងកន្លែងស្នាក់នៅសមរម្យ ជាពិសេសត្រូវយកចិត្តទុកដាក់លើការផ្គត់ផ្គង់ស្បៀងអាហារ និងការថែទាំសុខភាពបឋមជូនបងប្អូនប្រជាពលរដ្ឋដែលត្រូវជម្លៀសមកកាន់ទីនេះ»។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ តាមដានព័ត៌មានព្យាករណ៍ធាតុអាកាសឱ្យបានជាប់លាប់ និងត្រូវមើលថែកូនចៅតូចៗឱ្យបានល្អ ជៀសវាងគ្រោះថ្នាក់ដែលមើលមិនឃើញក្នុងអំឡុងពេលមានទឹកជំនន់៕
ប្រភព ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ









