ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជាន់ខ្ពស់នគរបាលយុត្តិធម៌ ដល់សិក្ខាកាម នៅបណ្ឌិត្យសភានគរបាលកម្ពុជា
នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជាន់ខ្ពស់នគរបាលយុត្តិធម៌ ដល់សិក្ខាកាមចំនួន៦០៧នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមឧត្តមសេនីយ៍ឯក សាស្ត្រាចារ ឧត្តមសេនីយ៍ឯកអនុប្រធានបណ្ឌិត្យសភា គ្រូនគរបាល ឧត្តមសេនីយ៍ វរសេនីយ៍ ប្រធាន-នាយកអង្គភាពចំណុះ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត នាសាល សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារ ខ-B)នៃបណ្ឌិត្យ សភានគរបាលកម្ពុជា។
ជាកិច្ចដំបូង ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានគណៈអធិបតី តាងនាមថ្នាក់ដឹកនាំបណ្ឌិត្យសភា សូមថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់របស់អង្គភាពគ្រប់គ្រងវគ្គ មន្ទីរចាត់ការ និងអង្គភាពពាក់ព័ន្ធ ដែលបានសហការគ្នាយ៉ាងល្អ ដើម្បីរៀបចំពិធីដ៏មានសារៈសំខាន់ នាពេលនេះ។ ពិសេស ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏សូមអបអរសាទរចំពោះសិក្ខាកាមជ័យលាភីទាំង៦០៧នាក់ ដែលត្រូវទទួលសញ្ញាបត្រជាន់ខ្ពស់នគរបាលយុត្តិធម៌នាឱកាសនេះ ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ បានថ្លែងបញ្ជាក់ឱ្យដឹងថា ការរៀបចំពិធីថ្ងៃនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែងនិងលទ្ធផលការងារថ្មីៗបន្ថែមទៀតរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ដូចខាងក្រោម៖
១- បណ្ឌិត្យសភា បានអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមគំនិតដឹកនាំប្រកបដោយគតិបណ្ឌិតនិងទស្សនវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយកំណែទម្រង់កងកម្លាំងនគរបាលជាតិនិងពន្ធនាគារ។
២- បណ្ឌិត្យសភា បានអនុវត្តផែនការកំណែទម្រង់ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកបដោយគំនិតប្រាជ្ញាភិវឌ្ឍន៍និងជឿនលឿន ក្នុងការពង្រឹងសមត្ថភាពជំនាញ ការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងការពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ តាមរយៈការបណ្តុះបណ្តាលដ៏ត្រឹមត្រូវ ប្រកបដោយគុណភាពនិងស្របតាមស្តង់ដាកំណត់។
មានប្រសាសន៍បន្តក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ក៏បានលើកឡើងពីសារៈសំខាន់នៃសញ្ញាបត្រជាន់ខ្ពស់នគរបាលយុត្តិធម៌នេះជូនអង្គពិធី ពិសេសសិក្ខាកាមជ្រាបផងដែរ។
មុននឹងបញ្ចប់ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានគណៈអធិបតី បានមានមតិណែនាំមួយចំនួនដល់សិក្ខាកាម ដូចខាងក្រោម៖
– ស្នើសិក្ខាកាមផ្ដល់តម្លៃដល់ការអប់រំបណ្ដុះបណ្ដាលនិងការលើកកម្ពស់សមត្ថភាពធនធានមនុស្សរបស់នគរបាល ជាពិសេស គឺការឱ្យតម្លៃទៅលើបណ្ឌិត្យសភានគរបាលកម្ពុជា ដែលជារបស់យើងទាំងអស់គ្នា ដើម្បីធានាបាននូវភាពម្ចាស់ការលើការងារបណ្ដុះបណ្ដាល។
– សូមយកសញ្ញាបត្រជាន់ខ្ពស់និងប្រកាសទទួលស្គាល់ជាមន្រ្តីនគរបាលយុត្តិធម៌ ដែលទទួលបានពីការបណ្ដុះបណ្ដាលនេះ ទៅប្រើប្រាស់ឱ្យមានប្រយោជន៍និងមានប្រសិទ្ធភាពដល់អង្គភាពរបស់ខ្លួន ក្នុងការដឹកនាំនិងគ្រប់គ្រងការងារប្រចាំថ្ងៃ។
– ត្រូវមានអភិសមាចារនិងគោរពក្រមសីលធម៌វិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវខ្ពស់ គោរពប្រតិបត្ដិច្បាប់ គោរពវិន័យ និងគោរពឋានានុក្រមក្នុងពេលបំពេញការងារ ព្រមទាំងធ្វើឱ្យថ្នាក់ដឹកនាំនិងមន្ត្រីក្រោមឱវាទពេញចិត្តលើសមត្ថភាពរបស់ខ្លួន។
– ត្រូវយកចិត្តទុកដាក់ទៅលើការស្លៀកពាក់ឯកសណ្ឋាននិងប្រើសញ្ញាសម្គាល់នគរបាលឱ្យបានត្រឹមត្រូវ ស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល៕
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា















