ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១៥០ គ្រួសារ នៅស្រុកកំពង់សៀម
(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តកំពង់ចាម អមដំណើរដោយឯកឧត្តម លោកជំទាវ ព្រមទាំងសមាជិក សមាជិកាគណៈកម្មាធិការសាខា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១៥០ គ្រួសារ នៅស្រុកកំពង់សៀម ដែលពិធីនេះធ្វើឡើងនៅសាលាស្រុកកំពង់សៀម។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បាននាំនូវប្រសាសន៍ផ្តាំផ្ញើ និងការសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹក និងក្តីអាណិតអាសូរ ព្រមទាំងការយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលកំពុងជួបការលំបាក។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះ និងមានជីវភាពខ្វះខាត តាមរយៈការផ្តល់ជំនួយមនុស្សធម៌ ដើម្បីជួយសម្រាលការលំបាក និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានេះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសចាស់ជរា ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវអនាម័យក្នុងការរស់នៅ និងការហូបចុក ព្រមទាំងត្រូវទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពឱ្យបានទៀងទាត់ ដើម្បីតាមដានស្ថានភាពសុខភាព និងទទួលបានការព្យាបាលទាន់ពេលវេលា នៅពេលមានបញ្ហាសុខភាពកើតឡើង។បន្ថែមពីនេះ ឯកឧត្តមក៏បានជំរុញឱ្យប្រជាពលរដ្ឋដែលមានដីស្រែ ដីចម្ការ បន្តខិតខំប្រឹងប្រែងប្រកបរបរកសិកម្ម ដូចជាការដាំដុះដំណាំ និងការចិញ្ចឹមសត្វ តាមលទ្ធភាព និងធនធានដែលមាន ដើម្បីបង្កើនផលិតភាព បង្កើតប្រាក់ចំណូល និងជួយទ្រទ្រង់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម







