រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធពិធី «ទិវាមនុស្សចាស់ជាតិ និងអន្តរជាតិលើកទី២៨»

admin By admin October 30, 2026

ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រារព្ធពិធី «ទិវាមនុស្សចាស់ជាតិ និងអន្តរជាតិ លើកទី២៨» ក្រោមប្រធានបទ ៖ «ក្មេងមានកំលាំងនិងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍»។

ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងលោកតា លោកយាយ និងជនចាស់ព្រឹទ្ធាចារ្យសរុបចំនួន ២០០នាក់។

ពិធីនេះមិនត្រឹមតែជាការរំលឹកខួបប្រចាំឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាមួយដ៏មានតម្លៃក្នុងការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ចំពោះសុខុមាលភាព និងគុណតម្លៃរបស់មនុស្សចាស់ ដែលជាឫសគល់នៃវប្បធម៌ ប្រពៃណី និងជា មត៌កដ៏មានតម្លៃនៃបទពិសោធន៍រស់រានមានជីវិតសម្រាប់ក្មេងជំនាន់ក្រោយ។

ក្នុងឱកាសនេះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានឡើងអានសារលិខិតដ៏មានអត្ថន័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ឆ្នាំ២០២៦ ដែលបានគូសបញ្ជាក់យ៉ាងច្បាស់អំពីតួនាទីរបស់មនុស្សចាស់ក្នុងសង្គមជាតិ ព្រមទាំងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបន្តពង្រឹងគោលនយោបាយគាំពារសង្គម និងការលើកកម្ពស់សុខុមាលភាពរបស់មនុស្សចាស់គ្រប់រូប ដើម្បីធានាថាពួកគាត់ទទួលបាននូវការថែទាំសុខភាព សេចក្តីថ្លៃថ្នូរ និងការរស់នៅប្រកបដោយភាពសុខដុមរមនាក្នុងក្រុមគ្រួសារ និងសង្គមជាតិ។

សូមបញ្ជាក់ជូនថា លោកតា លោកយាយ និងជនចាស់ព្រឹទ្ធាចារ្យទាំង ២០០នាក់ ដែលបានអញ្ជើញចូលរួម បានទទួលនូវអំណោយដ៏ថ្លៃថ្លា និងការយកចិត្តទុកដាក់ផ្ទាល់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលអំណោយទាំងនោះរួមមានគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន ដែលអាចជួយសម្រាលបន្ទុកជីវភាពរស់នៅបានមួយកម្រិតទៀត៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *