ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សម្ពោធអគារមត្តេយ្យ៨បន្ទប់ នៅខេត្តព្រៃវែង ដើម្បីលើកកម្ពស់គុណភាពអប់រំកុមារតូច

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ព្រមទាំងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមត្តេយ្យសិក្សា ១ខ្នង មាន ៤បន្ទប់ នៅសាលាបឋមសិក្សារកាកូនសាត់ និងអគារមត្តេយ្យសិក្សា ១ខ្នង មាន ៤បន្ទប់ទៀត នៅសាលាបឋមសិក្សាសំពៅមាស ស្ថិតក្នុងបរិវេណសាលាបឋមសិក្សារកាកូនសាត់ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា អគារសិក្សាស្ដង់ដារទាំងពីរខ្នងនេះ នឹងរួមចំណែកយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការលើកកម្ពស់គុណភាពនៃការអប់រំកុមារតូចនៅក្នុងមូលដ្ឋាន។ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា «ការអប់រំកុមារតូច គឺជាគ្រឹះយ៉ាងរឹងមាំ និងមានសារសំខាន់បំផុតក្នុងការបណ្តុះបណ្តាល និងកសាងកុមារ ឱ្យក្លាយជាពលរដ្ឋពេញលេញ ប្រកបដោយចំណេះដឹង សីលធម៌ សក្តានុពល និងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះវាសនានៃប្រទេសជាតិទៅថ្ងៃអនាគត»។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត អង្គភាពពាក់ព័ន្ធ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធានាបាននូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពរីកចម្រើនគួរឱ្យកត់សម្គាល់ជាបន្តបន្ទាប់នៅក្នុងខេត្តព្រៃវែងទាំងមូល។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបណ្ដុះបណ្ដាល និងផ្ទេរចំណេះដឹង ជំនាញ ដល់សិស្សានុសិស្សអស់ពីសមត្ថភាព។ ទន្ទឹមនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានក្រើនរំលឹក និងអំពាវនាវដល់ មាតា បិតា និងអាណាព្យាបាលសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់តាមដានការសិក្សារបស់កូនៗ ដោយធ្វើយ៉ាងណាកុំបណ្តោយឱ្យកុមារបោះបង់ការសិក្សា ឬគេចសាលារៀនឱ្យសោះ ចៀសវាងកុំឱ្យពួកគេប្រព្រឹត្តអំពើមិនល្អឬអាចឈានទៅប្រព្រឹត្តបទល្មើសក្នុងសង្គម។

យោងតាមរបាយការណ៍ លោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុកព្រះស្ដេច បានឱ្យដឹងថា អគារមតេ្តយ្យសិក្សារកាកូនសាត់ មានចំនួន១ខ្នង ស្មើនឹង៤បន្ទប់ និងសាងសង់របងសាលា ខ្លោងទ្វារ ព្រមទាំងសមិទ្ធផលនានា ចំណាយថវិកាសរុប ១០៥.០១៩ដុល្លារ។ ក្នុងនោះ សាងសង់អគារមត្តេយ្យសិក្សា និងបំពាក់សម្ភារៈបរិក្ខារក្នុងថ្នាក់ ចំណាយថវិកាសរុប ៧១.៤៣៦ដុល្លារ សាងសង់របងខ្លោងទ្វារ និងរបងព័ទ្ធជុំវិញ ចំណាយថវិកាសរុប ១៤.៥៨១ដុល្លារ លាបថ្នាំពណ៌ថ្មី អគារបឋមសិក្សា ចំណាយអស់ ២.០០០ដុល្លារ ចាក់ដី និងធ្វើសួនផ្កា អស់ថវិកា ៦.៥០០ដុល្លារ ដោះស្រាយផលប៉ះពាល់ដី ចំណាយថវិកា ៧.០០០ដុល្លារ និងសាងសង់ផ្លូវចូលសាលា ចំណាយថវិកា ៣.៥០០ដុល្លារ។

គូសបញ្ជាក់ផងដែរថា នៅទូទាំងស្រុកព្រះស្ដេច មានសាលារៀនសរុប៧៤សាលា ក្នុងនោះមានវិទ្យាល័យ៣កន្លែង អនុវិទ្យាល័យ ៩កន្លែង បឋមសិក្សា ៦០កន្លែង និងមេត្តយ្យដាច់ ២កន្លែង និងតាមបណ្ដាឃុំទាំង១១ មានមេត្តយ្យសិក្សាសហគមន៍ចំនួន៥៤កន្លែង ក្នុងនោះមានអគារសរុប ១៩២ខ្នង ស្មើនឹង៨២៥បន្ទប់៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Add a Comment

Your email address will not be published. Required fields are marked *