ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសទ្ទានុក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខ នៃក្រសួងមហាផ្ទៃ
នៅព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសទ្ទានុក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខ នៃក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមផាសុកបណ្ឌិត គាង សេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភា និងជាប្រធានគណៈកម្មការសទ្ទានុក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខនៃក្រសួងមហាផ្ទៃ ឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឯកឧត្តម លោក លោកស្រីជា អនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន និងសមាជិកគណៈកម្មការរៀបចំសទ្ទានុក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខ ជនបង្គោលតំណាងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ដែលបានចូលរួមជួយចងក្រងសៀវភៅសទ្ទានុក្រមបច្ចេកសព្ទ ប្រធាន អនុប្រធាន និងសមាជិកអនុគណៈកម្មការបកប្រែភាសាអង់គ្លេសនៃគណៈកម្មការ ប្រធាន អនុប្រធាន និងសមាជិកលេខាធិការដ្ឋាននៃគណៈកម្មការ នាសាលប្រជុំនៃទីស្តីការក្រសួងមហាផ្ទៃ។
ជាកិច្ចដំបូង ឯកឧត្តមបណ្ឌិត ប្រធានអង្គប្រជុំ ក៏បានស្វាគមន៍និងថ្លែងកោតសរសើរដល់ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានគណៈកម្មការសទ្ទានុក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខនៃក្រសួងមហាផ្ទៃ និងសមាសភាពនៃគណៈកម្មការនានា ដែលបានខិតខំបំពេញភារកិច្ច ដោយមានកិច្ចសហការគ្នាល្អ សាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់។
ជាកិច្ចបន្ត ឯកឧត្តមបណ្ឌិត ប្រធានអង្គប្រជុំ បានអនុញ្ញាតឱ្យ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានគណៈកម្មការ រាយការណ៍សង្ខេបអំពីវឌ្ឍនភាពនៃការរៀបចំសៀវភៅសទ្ទានុក្រម ជូនអង្គប្រជុំ និងបានអនុញ្ញាតឲ្យសមាជិកអង្គប្រជុំចូលរួមមតិយោបល់ផងដែរ។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ប្រធានអង្គប្រជុំ បានណែនាំឱ្យគណៈកម្មការរៀបចំសទ្ទានុក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខ បន្តរៀបចំការងារសំខាន់ៗចំនួនបួន ដូចខាងក្រោម÷
១- បង្កើតក្រុមការងារ ដើម្បីត្រួតពិនិត្យខ្លឹមសារ អក្ខរាវិរុទ្ធ និងសម្អាតឱ្យបានត្រឹមត្រូវ
២- ដកពាក្យដែលមានលក្ខណៈទូទៅចេញ ដោយរក្សាទុកតែពាក្យដែលពាក់ព័ន្ធនឹងការងារសន្តិសុខ
៣- ដកពាក្យដែលមានលក្ខណៈជាឃ្លាចេញ ដោយរក្សាទុកតែមេពាក្យ ដែលពាក់ពន្ធ័នឹងវិស័យសន្តិសុខ
៤- ធ្វើសំណើសុំការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីដាក់ឱ្យប្រើ App សទ្ទានុក្រមសាកល្បងសិន។












