ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្តខែវិច្ឆិកា ឆ្នាំ២០២៦
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំកិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្ត ខែវិច្ឆិកា ឆ្នាំ២០២៦របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋាន។
ក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានផ្តោតការយកចិត្តទុកដាក់លើការរៀបចំ និងពិនិត្យរបាយការណ៍ការងារ ដោយត្រូវធានាឱ្យមានភាពច្បាស់លាស់ ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងឆ្លុះបញ្ចាំងបានពេញលេញអំពីលទ្ធផលការងារដែលបានអនុវត្ត។ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ជាពិសេសប្រធានគណៈប្រតិភូទាំងអស់ដែលទទួលខិតខំប្រឹងប្រែងក្នុងការអនុវត្តតួនាទីភារកិច្ចប្រកបដោយប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់។ បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកជំរុញឱ្យគណៈប្រតិភូសវនកម្មបន្តយកចិត្តទុកដាក់ខ្ពស់លើការរៀបចំរបាយការណ៍ និងឯកសារពាក់ព័ន្ធ ដើម្បីធានាបាននូវគុណភាព និងសុក្រឹតភាពនៃលទ្ធផលសវនកម្ម។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានឡើងពីប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ដល់មន្ត្រីរាជការទាំងអស់ចំណុះក្រសួងមហាផ្ទៃ ដោយត្រូវអនុវត្តការងារដោយយកចិត្តទុកដាក់ខ្ពស់។
ក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានណែនាំ និងជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់រូប បន្តខិតខំបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ទាំងការងាររដ្ឋបាលប្រចាំថ្ងៃ និងការអនុវត្តការងារសវនកម្មឱ្យបានទាន់ពេលវេលា ស្របតាមក្របខ័ណ្ឌពេលវេលាដែលបានកំណត់ ព្រមទាំងធានានូវភាពសុក្រឹត តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពនៃការងារ ពិសេសត ត្រូវបន្តសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ។
ជាទីបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ដែលបានចូលរួមផ្តល់មតិយោបល់ លើកឡើងនូវបញ្ហាប្រឈម និងចំណុចពាក់ព័ន្ធនានា ដើម្បីរួមគ្នាពិនិត្យ ដោះស្រាយ និងកែលម្អការងារ និងបានប្រសិទ្ធពរជូនអង្គប្រជុំទាំងមូលសូមបានសមប្រកបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ប្រភព៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង










