អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អភិបាលក្រុង-ស្រុក ត្រូវបន្តចុះអនុវត្តការងារធ្វើរដ្ឋបាលចំហ ឱ្យបានសកម្ម ដើម្បីបោសសម្អាត Online Scams

កណ្ដាល ៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជា និងណែនាំយ៉ាងម៉ឺងម៉ាត់ដល់អភិបាលក្រុង និងស្រុកទាំងអស់ក្នុងខេត្តកណ្ដាល ត្រូវបន្តចុះអនុវត្តការងារធ្វើរដ្ឋបាលចំហឱ្យបានសកម្ម និងមានប្រសិទ្ធភាពខ្ពស់ ដោយផ្អែកលើ អនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល។

ការដាក់បទបញ្ជា និងណែនាំនេះធ្វើឡើងនាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ស្នងការនគបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងអធិការក្រុង-ស្រុក និងមេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក ទូទាំងខេត្តកណ្ដាល។

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បន្តថា ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ពិសេសអនុវត្តឱ្យបានតាមការប្ដេជ្ញារបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអេឡិចត្រូនិក (Online Scams) ឱ្យមានប្រសិទ្ធភាពខ្ពស់ និងឱ្យអស់ទូទាំងខេត្តកណ្ដាល។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត បានណែនាំដល់មន្ត្រីរាជការ និងកងកម្លាំងទាំងអស់ នៅពេលចុះអនុវត្តត្រូវបង្ហាញនូវឥរិយាបថទន់ភ្លន់ មានសីលធម៌ គុណធម៌ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជានិច្ច ត្រូវមានការទទួលខុសត្រូវខ្ពស់ និងសុំការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើអាជ្ញាធររបស់យើង។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម អភិបាលខេត្ត បានលើកឡើងពីអនាម័យបរិស្ថាន ពិសេសការចោលសំរាមរបស់ប្រជាពលរដ្ឋនៅតាមទីសាធារណៈ ឯកឧត្ដម បានណែនាំដល់អភិបាលក្រុង និងស្រុកទាំងអស់ ត្រូវបំពាក់កាមេរ៉ាសុវត្តិភាព ទីតាំងដែលមានចោលសំរាម ហើយសំអាត និងផ្សព្វផ្សាយ កុំឱ្យប្រជាពលរដ្ឋបោះសំរាមចោលបន្តទៀត ក្នុងករណីដែលនៅមានប្រជាពលរដ្ឋបន្តចោលសំរាម ត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈ និងធ្វើការផាកពិន័យតាមច្បាប់ដែលបានកំណត់ ការអនុវត្តបែបនេះក្នុងគោលបំណងកែប្រែឥរិយាបទអ្នកចោលសំរាម ឱ្យបញ្ឈប់ការចោលសំរាមពាសវាលពាសកាលបន្តទៀត៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.

Add a Comment

Your email address will not be published. Required fields are marked *