អភិបាលខេត្តបន្ទាយមានជ័យ បន្តដាក់ចេញវិធានការរឹតបន្តឹងត្រួតពិនិត្យជនបរទេសតាមដងផ្លូវ ដេីម្បីបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់ និងបង្ក្រាបបទល្មើស Online Scams
បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ គណៈភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រង សន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ជាមួយស្ថាប័នតុលាការ ស្នងការរងនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាលក្រុងស្រុកទាំង៩ ប្រារព្ធឡើង នៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២៦។
ក្នុងនោះឯកឧត្តមអភិបាលខេត្ត បន្តដាក់ចេញវិធានការដល់សមត្ថកិច្ចពាក់ព័ន្ធ ក្រុង-ស្រុក ក្នុងការរឹតបន្តឹង ដាក់ទីតាំងត្រួតពិនិត្យជនបរទេសតាមដងផ្លូវ និងចុះធ្វេីរដ្ឋបាលនៅតាមទីតាំងសង្ស័យ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) អនុវត្តកាន់តែមានប្រសិទ្ធភាព មានភាពច្បាស់លាស់ និងមិនប៉ះពាល់ដល់ទេសចរ ឬវិនិយោគិនស្របច្បាប់នៅក្នុងខេត្តបន្ទាយមានជ័យទាំងមូល។
ឯកឧត្ដម អ៊ុំ រាត្រី ក៏បានបញ្ជាក់ថា ការរឹតបន្តឹងត្រួតពិនិត្យលើដងផ្លូវ គឺជាវិធានការចំពោះមុខ ប៉ុន្តែការបោសសម្អាតបទល្មើស Online Scams នៅតែបន្តអនុវត្ត ឱ្យមានប្រសិទ្ធភាពយូរអង្វែង គឺទាមទារការបោសសម្អាតឱ្យដល់ឬសគល់ វែកមុខរកមេខ្លោង មកផ្តន្ទាទោស តាមច្បាប់។ ក្នុងនោះម្ចាស់ទីតាំងដែលមិនព្រមសហការជាមួយអាជ្ញាធរ ឬសមត្ថកិច្ច ហេីយរកឃើញថា មានជួលទីតាំងឱ្យជនឧក្រិដ្ឋ ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Onlne Scams) ហើយនឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់៕
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ











