រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តត្បូង
ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ស្ថិតនៅសាលប្រជុំ (ខ) សាលាខេត្ត ដើម្បីពិនិត្យ អនុម័តរបាយការណ៍រីកចម្រើន និងដាក់ចេញវិធានការសំខាន់ៗកែលម្អជីវភាព និងសន្តិសុខជូនប្រជាពលរដ្ឋ។
កិច្ចប្រជុំនេះ បានដំណើរការទៅតាមរបៀបវារៈសំខាន់ៗចំនួន ០៤៖
១. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។
២. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។
៣. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍រីកចម្រើនប្រចាំខែកក្កដា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត។
៤. បញ្ហាផ្សេងៗ (ស្តាប់របាយការណ៍របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត)។
ទន្ទឹមនឹងនេះ អង្គប្រជុំបានពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលើកទី៣ ដោយបានពិនិត្យលើឃ្លោងឃ្លានៃគម្រោងថវិកាស្នើទៅថ្នាក់ជាតិសម្រាប់អភិវឌ្ឍខេត្ត ព្រមទាំងពិភាក្សាលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៃគម្រោងមូលនិធិឃុំ-សង្កាត់ សម្រាប់ឆ្នាំ២០២៦ ដើម្បីពន្លឿនការងារអភិវឌ្ឍន៍នៅមូលដ្ឋានឱ្យបានទាន់ពេលវេលា។ បន្ថែមពីនេះ កិច្ចប្រជុំក៏បានលើកឡើងពីផលប៉ះពាល់នៃការនេសាទខុសច្បាប់ក្នុងមូលដ្ឋានផងដែរ។
ឆ្លើយតបនឹងបញ្ហានេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានទទួលយក និងបានក្រើនរំលឹកដល់មន្ទីរជំនាញ ព្រមទាំងអាជ្ញាធរក្រុង-ស្រុក ឱ្យយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេសពាក់ព័ន្ធនឹងសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។
លើសពីនេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំង ០៧ ក្រុង-ស្រុក ឱ្យបង្កើនការចុះស្រាវជ្រាវទីតាំងសង្ស័យ និងសហការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យបានទាន់ពេលវេលា និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ ត្រូវពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ទាំង ៧ចំណុច ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋចំគោលដៅ។
ក្នុងឱកាសនោះ ឯកឧត្តម ឡុង ធាម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ បង្ក្រាបបទល្មើសបច្ចេកវិទ្យា និងបម្រើសេវាសាធារណៈបានយ៉ាងល្អប្រសើរ។
មុននឹងបញ្ចប់ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ឱ្យបន្តខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់ខ្ពស់លើការដោះស្រាយបញ្ហាប្រឈម និងផ្តល់សេវាសាធារណៈឱ្យបានឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមទិសដៅនៃ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕
ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ











