អភិបាលខេត្តកំពង់ចាម ណែនាំដល់បេក្ខជនប្រឡងបាក់ឌុប ត្រូវខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អ
កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំដល់ បេក្ខជនប្រឡងបាក់ឌុបទាំងអស់ ត្រូវខិតខំឱ្យអស់ពីសមត្ថភាព ក្នុងការប្រឹងប្រែងសរសេរចម្លើយ ដើម្បីទទួលបានលទ្ធផលល្អ ប្រឡងជាប់ទាំងអស់គ្នា និងក្លាយជាធនធានមនុស្សចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។
មានប្រសាសន៍ណែនាំបែបនេះ ធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម ម៉ឹង សូដាឬទ្ធិ ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) រួមទាំងតំណាងអ្នកពាក់ព័ន្ធផ្សេងទៀត អញ្ជើញកាត់បើកស្រោមវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ សម័យប្រឡង ១០-សីហា ឆ្នាំ២០២៦ នៅមណ្ឌលវិទ្យាល័យព្រះសីហនុ (ត្បូង) ស្ថិតក្នុងក្រុងកំពង់ចាម។
ឯកឧត្ដម អ៊ុន ចាន់ដា បានថ្លែងថាការប្រឡងនេះ គឺដើម្បីដឹងពីសមត្ថភាពចំណេះដឹង ក្នុងការស្វែងរកនូវធនធានមនុស្ស ដែលជាទំពាំងស្នងឫស្សី ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបទៅដោយសុខសន្តិភាព និងមានការរីកចម្រើនគ្រប់វិស័យ ជាពិសេសនោះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ បុិនប្រសព្វប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេច តែងតែគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ទៅលើសិស្សានុសិស្សគ្រប់ៗរូប។
សូមបញ្ជាក់ថា ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ខេត្តកំពង់ចាម មានបេក្ខជនសរុបចំនួន ៩.៥៧៥នាក់ ក្នុងនោះស្រី ៥.៦៨៣នាក់ និងមានមណ្ឌលប្រឡងចំនួន ១៦មណ្ឌល៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម










