ឯកឧត្ដម អ៊ុំ រាត្រី និងលោកជំទាវ ប្រគល់ផ្ទះថ្មី២ខ្នង ជូនគ្រួសារមានជីវភាពខ្វះខាត ចំនួន២គ្រួសារ នៅស្រុកម៉ាឡៃ
បន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ អញ្ជើញ ជាអធិបតីភាព ប្រគល់ផ្ទះថ្មី២ខ្នង និងបង្គន់អនាម័យ២ឈុត ជូនដល់គ្រួសារ ដែលមានជីវភាពខ្វះខាត នៅភូមិចាន់គិរី និងភូមិភ្នំកៅបី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។
ពិធីនេះក៏មានការចូលរួមអមដំណើរ ដោយក្រុមការងារប្រតិបត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខាក្រហមស្រុកម៉ាឡៃ អ្នកស្ម័គ្រ ភូមិ យុវជនកាកបាទក្រហមកម្ពុជាស្រុក បានចូលរួមផងដែរនៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។
នាឱកាសឯកឧត្តម អ៊ុំ រាត្រី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទ មុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលសម្តេច និងលោកជំទាវបណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់ បងប្អូន ជានិច្ច។
ឯកឧត្ដម បន្តថា កាកបាទក្រហមកម្ពុជា និងរាជរដ្ឋាភិបាល មិនទុកឱ្យបងប្អូនណាម្នាក់ស្លាប់ដោយអត់បាយ ដោយមិនបានដឹង និងមិនបានជួយសង្គ្រោះនោះឡើយ។ “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” កាកបាទក្រហមតែងតែនៅក្បែរ និងចុះជួយបងប្អូនទាន់ពេលវេលា ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុំ រាត្រី ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ត្រូវហូបស្អាត ផឹកស្អាត (ផឹកទឹកឆ្អិន ឬទឹកស្អាត) និងរស់នៅស្អាត ដើម្បីការពារជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺរាករូស ជាពិសេសជំងឺគ្រុនឈាម ដោយចូលរួមលុបចំបំបាត់ជម្រកមូសខ្លា ដែលភ្នាក់ងារចម្លងជំងឺគ្រុនឈាម មិនថាក្មេង ឬចាស់ឡេីយ។
សូមបញ្ជាក់ថា ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្ត បានរួមសហការជាមួយអនុសាខាស្រុកម៉ាឡៃ និងអាជ្ញាធរមូលដ្ឋានភូមិ ឃុំនិង បានចុះប៉ាន់ប្រមាណតម្រូវការរបស់គ្រួសារឈ្មោះ លៀប សាលីន ភេទស្រី អាយុ៣១ឆ្នាំ មានបន្ទុកគ្រួសារចំនួន៦ នាក់(ស្រី៤នាក់) និងអ្នកស្រី ឡាយ សុភាព អាយុ៥១ឆ្នាំ មានបន្ទុកគ្រួសារចំនួន១០នាក់(ស្រី៦នាក់) ជាលទ្ធផលគ្រួសារទាំង២ រស់នៅក្នុងសភាពក្រីក្រ និងគ្មានលទ្ធភាពសាងសង់ផ្ទះបាន ទើបសាខាកាកបាទក្រហមសម្រេចសាងសង់ផ្ទះជូនពួកគាត់បានរស់នៅសមរម្យ ព្រមទាំងបានឧបត្ថម្ភនូវសម្ភារបន្ថែមក្នុង មួយគ្រួសារ ទទួលបាន អង្ករ ៥០គីឡូក្រាម , មី , ត្រីខ , គ្រឿង ឧបភោគ បរិភោគ សម្ភារ ប្រេីប្រាស់ រួមនិងថវិកាមួយចំនួន។ ព្រមជាមួយគ្នានោះចាស់ជរា និងស្រ្តីមានផ្ទៃពោះដែលបានចូលរួមក៏ទទួលបានសម្ភារប្រេីប្រាស់មួយចំនួនផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ












