អភិបាលខេត្តបន្ទាយមានជ័យ ណែនាំអភិបាលស្រុកភ្នំស្រុកថ្មី ត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានណែនាំអភិបាលស្រុកភ្នំស្រុកថ្មី ត្រូវធ្វើយ៉ាងណាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន តាមដែលអាចធ្វើទៅបាន មិនត្រូវគិតប្រយោជន៍ខ្លួនឯងជាធំនោះទេ ត្រូវគិតផលប្រយោជន៍រួមជាធំ។

ការណែនាំខាងលើនេះ បានធ្វើឡើងក្នុងពិធីប្រកាសតែងតាំង លោកស្រី ចំរើន ដាណេ ជាអភិបាល នៃគណៈអភិបាលស្រុកភ្នំស្រុក នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ខណៈតំណែងនេះ ជាប្រវត្តិសាស្ត្រសម្រាប់ខេត្តបន្ទាយមានជ័យ មានអភិបាលស្រុកជាស្រ្តីដំបូងគេ ហើយក៏ជាយុវជនឆ្នើមជាស្រ្តីមួយរូប ក្នុងខេត្តបន្ទាយមានជ័យ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានធ្វើការណែនាំដល់អភិបាលស្រុកថ្មី ជាស្រ្តី ត្រូវខិតខំពង្រឹងប្រសិទ្ធភាពការងារនៅក្នុងអង្គភាពឱ្យបានល្អប្រសើរ ពិសេសត្រូវគោរពតាមឋានានុក្រមការងារ គោរពតាមវិន័យក្រមសីលធម៌ ជាមន្ត្រីបម្រើរាស្ត្រ ដោយចាត់ទុកសុខទុក្ខរាស្ត្រ គឺជាសុខទុករបស់យើងទាំងអស់គ្នា ដែលយើងជាថ្នាក់ដឹកនាំត្រូវតែយកចិត្តទុកឱ្យបានជាប់ជាប្រចាំ។ មួយវិញទៀត ធ្វើយ៉ាងណាការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យបានលឿនតាមដែលអាចធ្វើទៅបាន មិនត្រូវគិតប្រយោជន៍ខ្លួនឯងជាធំនោះទេ ត្រូវគិផលប្រយោជន៍រួមជាធំ និងត្រូវពង្រឹងនូវសាមគ្គីភាពក្នុងអង្គភាពឱ្យបានល្អប្រសើរ។

ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានក្រើនរំលឹកអំពីការបំពេញតួនាទី-ភារកិច្ច ដល់អភិបាលស្រុកថ្មី ក៏ដូចជា អភិបាលក្រុង-ស្រុក ត្រូវអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសកែលំអសេវារដ្ឋបាលសាធារណៈឱ្យកាន់តែមានភាពល្អប្រសើរជាងមុន ខិតខំយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»ដោយរួមគ្នាសម្រេចបាននូវសមិទ្ធផលដែលធានាថែរក្សាសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ-សណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងមូលដ្ឋាន ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ ជីវភាពរស់នៅ និងការបន្តកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា លោកស្រី ចំរើន ដាណេ ឋានន្តរសក្តិគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ៣ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកភ្នំស្រុក ជំនួសលោក ជូ បុត្រ ឋានន្តរសក្តិវរមន្រ្តី ថ្នាក់លេខ២ ពីអភិបាលនៃគណៈអភិបាលស្រុកភ្នំស្រុក ត្រូវបានផ្ទេរភារកិច្ចឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តបន្ទាយមានជ័យ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Add a Comment

Your email address will not be published. Required fields are marked *