ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៥-២០២៦
ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៥-២០២៦ នៅមណ្ឌលវិទ្យាល័យ ហ៊ុនសែន ខ្នារ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។
ពិធីនេះ ក៏មានការអញ្ជើញចូលរួម សហការយ៉ាងជិតស្និទ្ធពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សារខេត្ត ប្រធានមណ្ឌលប្រឡង កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត គណៈកម្មការអនុរក្ស ព្រមទាំងមន្ត្រី និងបុគ្គលិកអប់រំដែលពាក់ព័ន្ធជាច្រើនរូបទៀត ដើម្បីធានាឱ្យដំណើរការនៃការប្រឡងប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ល្អ តម្លាភាព និងសុវត្ថិភាពខ្ពស់បំផុត។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានលើកទឹកចិត្តដល់បេក្ខជនប្រឡងបាក់ឌុបទាំងអស់ ត្រូវខិតខំឱ្យអស់ពីសមត្ថភាព ក្នុងការប្រឹងប្រែងសរសេរចម្លើយ ដើម្បីទទួលបានលទ្ធផលល្អ ប្រឡងជាប់ទាំងអស់គ្នា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។
ជាមួយគ្នានោះដែរ ឯកឧត្តម បានបង្ហាញហឹបវិញ្ញាសារជូនដល់បេក្ខជនប្រឡង ពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
ទន្ទឹមនឹងនោះ ឯកឧត្តម បានផ្តាំផ្ញើរជូនដល់ក្មួយៗទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសនៅថ្ងៃប្រឡងបាក់ឌុប និងខិតខំធ្វើវិញ្ញាសារប្រឡងឲ្យអស់ពីសមត្ថភាព ព្រមទាំងគោរពតាមបទបញ្ជាផ្ទៃនៅពេលប្រឡងឲ្យបានល្អ ដើម្បីជោគជ័យក្នុងការប្រឡង សាកសមជាទំពាំងស្នងឬស្សី ជាសសរទ្រូងប្រទេសជាតិ។
សម្រាប់មណ្ឌលវិទ្យាល័យ ហ៊ុនសែន ខ្នារ មានបេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ/សង្គម សរុបចំនួន៨០០នាក់ ស្រី៤៥២នាក់ (ស្មើនឹង ៣២បន្ទប់) ដោយដំណើរការប្រឡងបានចាប់ផ្តើមប្រកបដោយបរិយាកាសស្ងប់ស្ងាត់ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ ស្របតាមគោលការណ៍ «អ្នកចេះ គឺជាប់»៕
ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ









