លោកឧត្តមសេនីយ៍ទោ ស ថេង ចុះត្រួតពិនិត្យ និងពង្រឹងរបៀបរបបការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន២ នៃស្រុកភ្នំក្រវ៉ាញ
ផោពោធិ៍សាត់៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះតាមដាន ត្រួតពិនិត្យ ណែនាំតម្រង់ទិស និងពង្រឹងរបៀបរបបការងារ ព្រមទាំងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាក់ចិញ្ចៀន និងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវ៉ាញ។
ក្នុងឱកាសនោះ លោកស្នងការបានណែនាំដល់កម្លាំងនគរបាលប៉ុស្តិ៍ឱ្យយកចិត្តទុកដាក់ពង្រឹងការងារផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់សិស្សានុសិស្សថ្នាក់បឋមសិក្សា និងប្រជាពលរដ្ឋ ដោយផ្តោតលើផលប៉ះពាល់នៃគ្រឿងញៀន ល្បែងស៊ីសង ការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក ការប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាព ព្រមទាំងការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ស ថេង ក៏បាននាំយកប្រសាសន៍ណែនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មកផ្សព្វផ្សាយ និងជំរុញការអនុវត្តជូនដល់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល។ ទន្ទឹមនេះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវពង្រឹងការគ្រោងឯកសណ្ឋានបំពេញតួនាទីភារកិច្ច ឱ្យបានត្រឹមត្រូវគ្រប់គ្រាប់ជាប្រចាំ។ រៀបចំផែនការសកម្មភាពការងារប្រចាំថ្ងៃ ដើម្បីឱ្យកម្លាំងមានទិសដៅការងារច្បាស់លាស់។ ថែរក្សាអនាម័យ បរិស្ថាន និងបន្ទប់ទឹកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឱ្យស្អាត មានសណ្តាប់ធ្នាប់ និងបរិយាកាសល្អ។ ជំរុញការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន សកម្មភាពក្មេងទំនើង និងបទល្មើសផ្សេងៗ។ សិក្សាស្វែងយល់ពីឥរិយាបថ និងអត្តចរិតរបស់ជនល្មើស ដើម្បីបង្កើនប្រសិទ្ធភាពការងារបង្ការ និងបង្ក្រាប។ ធ្វើការត្រួតពិនិត្យឯកសារបញ្ជាក់អត្តសញ្ញាណ និងគ្រប់គ្រងស្ថិតិជនបរទេស អន្តោប្រវេសន៍ ឱ្យបានច្បាស់លាស់ ដើម្បីទប់ស្កាត់ និងបង្ការបទល្មើស Scam Online។ អនុវត្តការងារដោយប្រកាន់ខ្ជាប់នូវតម្លាភាព សុចរិតភាព យុត្តិធម៌ និងមិនលំអៀង។ ពង្រឹងការកសាងបណ្តាញកម្លាំងសម្ងាត់ និងប្រជាពលរដ្ឋល្អ ដើម្បីទទួលបានព័ត៌មានសម្រាប់បម្រើដល់ការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។
ក្នុងឱកាសនោះផងដែរ លោកស្នងការនគរបាលខេត្ត បានឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនរៀល ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលនីមួយៗ សម្រាប់បម្រើការងារប្រចាំថ្ងៃ និងជាការលើកទឹកចិត្តដល់កម្លាំងនគរបាលឱ្យបន្តបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសើរឡើង៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់








