អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជួបសំណេះសំណាល និងប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យទិន្នន័យក្បាលដី សម្រាប់៣ភូមិ ក្នុងឃុំឈើតុំ
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ នៅបរិវេណវត្តទួលត្បែង ស្ថិតក្នុងភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល និងប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យទិន្នន័យក្បាលដី សម្រាប់៣ភូមិ គឺភូមិកប៉ាស់ ភូមិកប៉ាស់លើ និងភូមិទួលត្បែង ក្នុងឃុំឈើតុំ ដោយមានការចូលរួមពីមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
មានប្រសាសន៍ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម ខូយ រីដា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ ដែលជាគោលនយោបាយចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាដល់សិទ្ធិកាន់កាប់ស្របច្បាប់ ការផ្តល់បណ្ណសម្គាល់ម្ចាស់អចលនវត្ថុ និងការកាត់បន្ថយជម្លោះដីធ្លីនៅមូលដ្ឋាន។ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារជំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាយ៉ាងសកម្មរហូតសម្រេចបានលទ្ធផលគួរឱ្យមោទនភាពក្នុងការប្រមូលទិន្នន័យក្បាលដីជូនប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងចំណោមទាំង៣ភូមិខាងលើ អញ្ជើញមកពិនិត្យមើលទិន្នន័យក្បាលដីរបស់ខ្លួនដែលបានបិទផ្សាយជាសាធារណៈនេះឱ្យបានគ្រប់ៗគ្នា ដើម្បីធានាថាព័ត៌មានម្ចាស់ដី និងទំហំក្បាលដីមានភាពត្រឹមត្រូវ មុននឹងឈានដល់ការចេញបណ្ណកម្មសិទ្ធិផ្លូវច្បាប់។
ឯកឧត្តម ខូយ រីដា បានផ្ដាំផ្ញើ និងអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមលុបបំបាត់ការបោះចោលសំរាមពាសវាលពាសកាល ដោយត្រូវរួមគ្នាសម្អាតអនាម័យបរិស្ថានជុំវិញផ្ទះ និងតាមដងផ្លូវ ដើម្បីធានាបាននូវបរិស្ថានស្អាត និងសោភ័ណភាពស្រស់បំព្រងក្នុងមូលដ្ឋាន។ សូមកុំបំពានដីចំណីផ្លូវសាធារណៈ ដែលជាហេតុធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ និងពិបាកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នាពេលអនាគត។ ត្រូវយកចិត្តទុកដាក់ខ្ពស់លើសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ តាមរយៈការ «ហូបស្អាត ផឹកស្អាត រស់នៅស្អាត»ដើម្បីមានសុខភាពល្អ និងអាយុវែង។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋនឹងបន្តគាំទ្រ និងចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីបន្តមើលការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងមូលដ្ឋានឱ្យកាន់តែរីកចម្រើនថែមទៀត៕
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់










