ថ្នាក់ដឹកនាំខេត្តក្រចេះ រៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ ៣៧៧A ប្រវែងសរុប៩៨.៤០ គីឡូម៉ែត្រ

ខេត្តក្រចេះ​៖​ ព្រឹកថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងលោកជំទាវ ហឹង ណារី អញ្ជើញរៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងឱកាសពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ ៣៧៧A ប្រវែងសរុប៩៨.៤០ គីឡូម៉ែត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្ជាក់ថា៖ សមិទ្ធផលផ្លូវចំនួន៣ខ្សែនៅខេត្តក្រចេះ នោះរួមមាន៖

១- ផ្លូវជាតិលេខ៧៣ មានចំណុចចាប់ពីផ្លូវជាតិលេខ៧ ត្រង់ផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ដល់ស្ពានកំពង់រាំង ភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានប្រវែងសរុប ៤៩,៨១២គ.ម ដោយលើកកម្ពស់ និងពង្រីកទទឹងផ្លូវដល់១១ម៉ែត្រ មាន២គន្លងផ្លូវ។

២- លើកកម្រិតជួសជុល និងថែទាំកំណាត់ផ្លូវខេត្តលេខ ៣៧៧ មានប្រវែងសរុប៣៥គ.ម ដែលមានចំណុចចាប់ផ្តើមប្រវែង៥០០ម៉ែត្រ ពីរង្វង់មូលព្រាបស(ក្រុងក្រចេះ) ស្ថិតនៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ទៅដល់វិហារសសរ១០០ (ស្រុកសំបូរ ខេត្តក្រចេះ) និងផ្លូវខេត្តលេខ៣៧៧A មានប្រវែងសរុប ១៣,៥៩៣ គ.ម (គ.ម0+០០០ ដល់គ.ម១៣+៥៩៣) គិតចាប់ពីផ្សារសណ្តាន់ ឃុំសណ្តាន់ ភ្ជាប់ជាមួយផ្លូវជាតិលេខ៧ ស្ថិតនៅភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ នៃខេត្តក្រចេះ ដោយស្ថាបនាក្រាលកៅស៊ូប្រភេទបេទីមីណឺ (AC) កម្រាស់ ៥សម។

ផ្លូវទាំង៣ខ្សែនេះសាងសង់រយៈពេល២១ខែ និងសុពលភាពជួសជុលថែទាំ៥០ខែ ដោយត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ។

ប្រភព​៖​ រដ្ឋបាល​ខេត្តក្រចេះ​

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Add a Comment

Your email address will not be published. Required fields are marked *