ឯកឧត្តម អ៊ូច ភា អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ខ្លឹមសារគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»របស់រាជរដ្ឋាភិបាល ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ស្រី សួន រដ្ឋលេខាធិការ តំណាងដ៍ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ ខ្លឹមសារគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»របស់រាជរដ្ឋាភិបាល ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅសាលប្រជុំទីស្តីការក្រសួង។
ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ លោកអគ្គលេខាធិការង អគ្គនាយករង អគ្គាធិការរង ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានមន្ទីរ ប្រធាន-អនុប្រធាន ការិយាល័យមន្ត្រី និងមន្ត្រី កិច្ចសន្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សរុបចំនួន ១៤៣នាក់ (ស្រី ៣៥ នាក់) ។
គោលបំណងការផ្សព្វផ្សាយគោលនយោបាយនេះដើម្បីបញ្ជ្រាបការយល់ដឹងអំពីគោលនយោបាយជាតិ ឱ្យបានកាន់តែទូលំទូលាយ និងដើម្បីកៀរគរការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមផ្សព្វផ្សាយ និងអនុវត្តនូវគោលនយោបាយនេះឱ្យមានប្រសិទ្ធភាព ស្របតាមឆន្ទៈ និងការប្ដេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខសុវត្ថិភាពសង្គម អនាម័យបរិស្ថាន សុខុមាលភាព ប្រជាពលរដ្ឋ ការផ្តល់សេវាសាធារណៈ ការទប់ស្កាត់នូវគ្រោះមហន្តរាយ គ្រោះថ្នាក់ចរាចរណ៍ ការឆ្លងរាលដាលនៃជំងឺកាចសាហាវផ្សេងៗ នៅគ្រប់កាលៈទេសៈ និងលើកទឹកចិត្តឱ្យមានការសម្របសម្រួលដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កភាពអនុគ្រោះដល់ដំណើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ។
លក្ខណសម្បត្តិទាំងប្រាំពីរមានខ្លឹមសារដូចតទៅ៖
១-ការផ្តល់សេវាសាធារណៈ ពិសេស សេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងប្រកបដោយជំនឿទុកចិត្ត ។
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង ខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍ ។
៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង ។
៥-ដោះស្រាយវិវាទក្រៅប្រព័ន្ឋតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ឋិភាព ។
៦-មានអនាម័យ មានសោភណ្ឌភាពល្អ និងមានបរិស្ថានល្អ ។
៧-ឆ្លើយតបបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធិភាព ។
នៅចុងបញ្ចប់កម្មវិធី ឯកឧត្តមរដ្ឋលេខាធិការ តំណាងលេខាធិការដ្ឋានគាំទ្រការអនុវត្ត «គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» បានប្រគល់សៀវភៅគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មាន សុវត្ថិភាព របស់រាជរដ្ឋាភិបាល ចំនួន១០០ក្បាល ដល់ក្រសួងផងដែរ។











