ឯកឧត្តម វ៉ី សំណាង អញ្ជើញសំណេះសំណាល និងផ្តល់ជំនួយឧបត្ថម្ភ ព្រមទាំងសម្រួលការដឹកជញ្ជូនជូនប្រជាពលរដ្ឋ ១៣គ្រួសារ នៅខេត្តតាកែវ ដើម្បីទៅតាំងទីលំនៅថ្មីក្នុងគម្រោង (ផ.ក.អ) នៅខេត្តស្ទឹងត្រែង

ព័ត៌មានលម្អិត

ឯកឧត្តម វ៉ី សំណាង អញ្ជើញសំណេះសំណាល និងផ្តល់ជំនួយឧបត្ថម្ភ ព្រមទាំងសម្រួលការដឹកជញ្ជូនជូនប្រជាពលរដ្ឋ ១៣គ្រួសារ នៅខេត្តតាកែវ ដើម្បីទៅតាំងទីលំនៅថ្មីក្នុងគម្រោង (ផ.ក.អ) នៅខេត្តស្ទឹងត្រែង
47
26-តុលា-2026
ព័ត៌មានថ្នាក់ក្រោមជាតិ
តំណរភ្ជាប់
តាកែវ៖ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ថវិកា ព្រមទាំងសម្រួលការដឹកជញ្ជូន ជូនដល់ប្រជាពលរដ្ឋចំនួន ១៣គ្រួសារ នៅពីខេត្តតាកែវ ដែលទទួលបានសិទ្ធិជ្រើសរើសចូលទៅតាំងទីលំនៅថ្មី ក្នុងគម្រោងទី១ នៃកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ) ស្ថិតនៅក្នុងឃុំស្តៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
នៅក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តម វ៉ី សំណាង បានសម្តែងនូវការអបអរសាទរ និងលើក ទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំង ១៣គ្រួសារ ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋា ភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ) ក្នុងការផ្តល់ជូននូវដីឡូតិ៍ និងផ្ទះសម្បែងសម្រាប់រស់នៅ និងបង្កបង្កើនផលស្របច្បាប់ ។
ដើម្បីសម្រាលជីវភាព និងសម្រួលដល់ការធ្វើ ដំណើរ អាជ្ញាធរខេត្តតាកែវ បានផ្តល់ជូននូវគ្រឿងឧបភោគបរិភោគជាចាំបាច់ ថវិកាមួយចំនួន និងរៀបចំមធ្យោបាយដឹកជញ្ជូនជូនប្រជាពលរដ្ឋ ដើម្បីឱ្យការផ្លាស់ទីលំនៅទៅកាន់ទីតាំងថ្មីនៅស្រុកសេសាន ខេត្តស្ទឹងត្រែង ប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅ ។
ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ខិតខំកសាងជីវភាពថ្មីដោយស្មោះត្រង់ រក្សាសាមគ្គីភាព និងចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរដែនដីក្នុងការការពារ និងអភិវឌ្ឍតំបន់នោះឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព ៕
ប្រភព ៖ រដ្ឋបាលខេត្តតាកែវ









