ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញជាសហប្រធានក្នុងពិធីបិទ «វគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋានវិជ្ជាជីវៈនគរបាល»

admin By admin September 17, 2026

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាសហប្រធានគណៈអធិបតីក្នុងពិធីបិទ «វគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋានវិជ្ជាជីវៈនគរបាល» ដែលមានសិស្សនគរបាលជ័យលាភីសរុប៩៧នាក់ នារី២៩នាក់ និងដោយមានការអញ្ជើញចូលរួមពី ឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា ឧត្តមសេនីយ៍ឯកសាស្ត្រាចារ្យ គ្រូនគរបាល ប្រធាន-នាយកអង្គភាពចំណុះ និងមន្ត្រីពាក់ព័ន្ធ នាសាលសន្និសីទ-ព្រះរាម(អគារប្រពៃណី ក- A) នៃបណ្ឌិត្យសភា។

ជាកិច្ចដំបូង ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ក៏បានសម្ដែងនូវការស្វាគមន៍ចំពោះ ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជាសហប្រធានគណៈអធិបតី និងឯកឧត្តម ឧត្តមសេនីយ៍ វរសេនីយ៍ គណៈគ្រប់គ្រង សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងសិក្ខាកាមនគរបាលជ័យលាភីទាំងអស់ ដែលមានវត្តមានក្នុងពិធីនេះ។

ទន្ទឹមនេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ គណៈគ្រប់គ្រងវគ្គ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យដំណើរការវគ្គចាប់តាំងពីពេលចាប់ផ្តើម រហូតដល់បញ្ចប់ សម្រេចបានលទ្ធផលជោគជ័យតាមកម្មវិធីនិងផែនការដែលបានកំណត់។

ឆ្លៀតឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានគោរពថ្លែងអំណរគុណនិងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់ «មនុស្ស» ជាអាទិភាពគន្លឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ, សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានចូលរួមកសាងមូលដ្ឋានគ្រឹះ សមិទ្ធផល និងការអភិវឌ្ឍជាច្រើនសម្រាប់ក្រសួងមហាផ្ទៃ ជាពិសេស ការអប់រំបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងកម្លាំងនគរបាលជាតិនិងមន្ត្រីពន្ធនាគារ។

ជាបន្ត ឯកឧត្តមនាយឧត្តមសេនីយ៍ បានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្ន បណ្ឌិត្យសភាបាននឹងកំពុងបន្តអនុវត្តភារកិច្ចរបស់ខ្លួនក្នុងការបណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្រ មន្ទីរពិសោធន៍ និងសារៈមន្ទីរនគរបាលជាតិ ស្របតាមកម្មវិធីកំណែទម្រង់ និងទិសដៅការងាររបស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីកសាងមូលធនមនុស្សក្នុងជួរកងកម្លាំងនគរបាលជាតិ ឱ្យមានចំណេះដឹង សមត្ថភាពវិជ្ជាជីវៈ វិន័យ និងអភិសមាចារ-ក្រមសីលធម៌។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានថ្លែងបន្តថា ចំពោះវគ្គនេះ ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបនឹងតម្រូវការរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្នុងការពង្រឹងចំណេះដឹងនិងសមត្ថភាពវិជ្ជាជីវៈជាមូលដ្ឋានដល់មន្ត្រីនគរបាលជាតិស្រប តាមកម្មវិធីអប់រំ ប្រតិទិនសិក្សា និងផែនការគ្រប់គ្រងវគ្គ ដើម្បីផ្តល់ឱកាសដល់មន្ត្រីនគរបាលដែលកំពុងបំពេញភារកិច្ច តែមិនទាន់បានឆ្លងកាត់វគ្គសិក្សា ឱ្យទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈកម្រិតបឋម ដើម្បីប្រែក្លាយអាជីពពីស៊ីវិលទៅជាមន្ត្រីនគរបាលពេញលក្ខណៈក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានថ្លែងបន្តថា ជាការពិតណាស់ ការអប់រំនិងការបណ្តុះបណ្តាលដើម្បីបង្កើនចំណេះដឹងនិងពង្រឹងសមត្ថភាពវិជ្ជាជីវៈ គឺជាដំណើរការដែលត្រូវអនុវត្តជាប្រចាំនិងបន្តពេញមួយជីវិតការងារ ដែលមន្ត្រីនគរបាលជាតិម្នាក់ៗ មិនអាចពឹងផ្អែកតែលើចំណេះដឹង ដែលទទួលបានក្នុងវគ្គបណ្តុះបណ្តាលមួយប៉ុណ្ណោះទេ ប៉ុន្តែ ត្រូវបន្តស្វ័យសិក្សា ស្រាវជ្រាវ ដកស្រង់បទពិសោធ និងបំប៉នជំនាញថ្មីៗជាប្រចាំ។ ការបន្តអភិវឌ្ឍចំណេះដឹង ជំនាញវិជ្ជាជីវៈ អាកប្បកិរិយា វិន័យ និងក្រមសីលធម៌ គឺជាមូលដ្ឋានដ៏ចាំបាច់សម្រាប់លើកកម្ពស់ប្រសិទ្ធភាពការងារ ការបម្រើប្រជាពលរដ្ឋ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា។ ដូច្នេះ ការអភិវឌ្ឍធនធានមនុស្សត្រូវបន្តអនុវត្តជាប្រព័ន្ធ ប្រកបដោយគុណភាពនិងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់អង្គភាពនិងសភាពការណ៍វិវត្តជាបន្តបន្ទាប់ក្នុងការបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋ។

ឆ្លៀតឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏សូមថ្លែងអំណរគុណចំពោះ ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលបានផ្តល់កិច្ចសហការល្អនិងចាត់បញ្ជូនមន្ត្រីមកទទួលការបណ្តុះបណ្តាល ព្រមទាំងបានឧបត្ថម្ភទឹកប្រាក់ចំនួន២០លានរៀល ដល់បណ្ឌិត្យសភានគរបាលកម្ពុជា៕

ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *