ខេត្តពោធិ៍សាត់៖ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់ខែតុលា ព្រមទាំងរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្ដិជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមរបស់លោក លោកស្រីស្នងការរងតាមផែនការងារជំនាញ លោកនាយការិយាល័យ លោកអធិការក្រុង-ស្រុក ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤៩ឃុំ-សង្កាត់។

admin By admin September 15, 2026

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ឡាង ម៉ៅ នាយការិយាល័យបុគ្គលិក បានអានសេចក្តីសម្រេចស្តីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតំឡើងឋានន្តរសក្ដិជូនមន្ត្រីនគរបាលជាតិ ដើម្បីអនុវត្តតួនាទី និងភារកិច្ចតាមមុខតំណែងថ្មី ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព។

បន្ទាប់មក លោកឧត្តមសេនីយ៍ទោ ស ថេង បានប្រគល់ត្រាជូនលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ស្នាអន្សារ និងបានបំពាក់ឋានន្តរសក្ដិថ្នាក់ អនុសេនីយ៍ត្រី ជូនមន្ត្រីនគរបាលជាតិចំនួន៥រូប។

ក្រោយបញ្ចប់ពិធីប្រកាស និងបំពាក់ឋានន្តរសក្ដិ ព្រមទាំងបានស្តាប់ការអានរបាយការណ៍និងមតិចូលរួមពីលោកស្នងការរងទទួលផែនការងារជំនាញ លោកឧត្តមសេនីយ៍ទោ ស ថេង បានណែនាំ និងជំរុញដល់កម្លាំងនគរបាលគ្រប់រូប បន្តយកចិត្តទុកដាក់បំពេញតួនាទី និងភារកិច្ចប្រកបដោយវិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវ និងគោរពវិន័យរបស់កងកម្លាំងនគរបាលជាតិឱ្យបានម៉ឺងម៉ាត់។

លោកស្នងការ ក៏បានណែនាំឱ្យកម្លាំងនគរបាលជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងមិនត្រូវពាក់ព័ន្ធ ឬទទួលផលប្រយោជន៍ពីបទល្មើសគ្រប់ប្រភេទ ព្រមទាំងត្រូវពង្រឹងវិន័យ ការគោរពម៉ោងពេលបំពេញការងារ និងការទទួលខុសត្រូវនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាល។ ជាមួយគ្នានេះ រាល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវយកចិត្តទុកដាក់ថែរក្សាអនាម័យ និងបរិស្ថាននៅក្នុង និងជុំវិញបរិវេណប៉ុស្តិ៍ ព្រមទាំងបង្កើនការផ្សព្វផ្សាយអំពីគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» ឱ្យបានទូលំទូលាយ ដោយចាប់ផ្តើមផ្សព្វផ្សាយពីថ្នាក់បឋមសិក្សា ដើម្បីបង្កើនការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ និងយុវជនក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។

លោកឧត្តមសេនីយ៍ទោ ស ថេង ក៏បានជំរុញឱ្យមានការពង្រឹងការកសាងកម្លាំងសម្ងាត់ និងប្រភពព័ត៌មាននៅមូលដ្ឋាន ដើម្បីរាយការណ៍ជូនសមត្ថកិច្ចអំពីសកម្មភាពបទល្មើសបានទាន់ពេលវេលា ព្រមទាំងត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ និងតាមដានមុខសញ្ញាពាក់ព័ន្ធនឹងបទល្មើសលួចប្រេងឥន្ធនៈនៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ដើម្បីបង្ការ ទប់ស្កាត់ និងចាត់វិធានការតាមច្បាប់ចំពោះសកម្មភាពល្មើសដែលអាចកើតមាន។

ជាចុងក្រោយ លោកស្នងការបានសង្កត់ធ្ងន់ថា មន្ត្រីនគរបាលជាតិគ្រប់រូប ត្រូវបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងខិតខំបំពេញតួនាទី ភារកិច្ចឱ្យបានល្អប្រសើរ ដើម្បីបម្រើប្រជាពលរដ្ឋ និងរួមចំណែករក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *