ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមចែកស្រូវពូជដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នៅក្នុងស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ៖ ឯកឧត្ដម ប្លែក វ៉ា រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត អមដំណើរឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចែកស្រូវពូជដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅក្នុងស្រុកមង្គលបូរី ចំនួន៤,៦២១គ្រូសារ និងក្រុងសិរីសោភ័ណ ចំនួន២០៥គ្រួសារ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះពុកម៉ែបងប្អូនទាំងអស់ផងដែរ។ សម្តេចធិបតី រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ តែងតែយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ និងនៅកៀកជាមួយប្រជាពលរដ្ឋជានិច្ចក្នុងគ្រប់កាលៈទេសៈ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋបាលខេត្ត អាជ្ញាធរក្រុង-ស្រុក ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងជួយសង្គ្រោះប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ព្រមទាំងបានផ្តល់ស្បៀងអាហារ និងទំនុកបម្រុង ដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់ពុកម៉ែបងប្អូនដែលរងគ្រោះ។
ឯកឧត្ដម ក៏បានបញ្ជាក់ថា ក្នុងនាមក្រសួងកសិកម្ម នឹងបន្តជ្រោមជ្រែងប្រជាកសិករ ក្នុងការស្ដារមកវិញនៅរដូវកាលក្រោយ តាមរយៈការចងក្រងជាសហគមន៍កសិកម្មទំនើប ដែលនឹងជួយកាត់បន្ថយថ្លៃដើមនៃការដាំដុះ៕
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ










