សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាល និងអាជ្ញាធរ នៅជាមួយប្រជាពលរដ្ឋគ្រប់កាល:ទេស: ដោយមិនបោះបង់នរណាម្នាក់ចោលឡើយ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងចែកពូជស្រូវ ព្រមទាំងកញ្ចប់ស្បៀងជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ចំនួន ១០.៧០០ គ្រួសារ ក្នុងខេត្តបាត់ដំបង នាព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦។
មានប្រសាសន៍នាឱកាសនោះ, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចាត់ចែងកម្លាំង និងមធ្យោបាយជួយសង្គ្រោះប្រជាពលរដ្ឋ, ជម្លៀសអ្នកដែលប្រឈមនឹងគ្រោះថ្នាក់ទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងផ្តល់ជំនួយសង្គ្រោះបន្ទាន់ រួមមានស្បៀងអាហារ, ថវិកា និងសម្ភារៈចាំបាច់នានា ដើម្បីសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល និងអាជ្ញារធរ នៅជាមួយប្រជាពលរដ្ឋគ្រប់កាល:ទេស: ដោយមិនបោះបង់នរណាម្នាក់ចោលឡើយ។ សម្ដេចធិបតី បានបន្តថា ក្នុងរយៈពេលជាង៤០ឆ្នាំ មកនេះ, រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅជាមួយប្រជាពលរដ្ឋជានិច្ច មិនថាក្នុងកាល:ទេស:លំបាកបែបណាក៏ដោយ គឺនៅចាំជួយប្រជាពលរដ្ឋជានិច្ច ។
ក្នុងឱកាសនោះដែរ, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានប្រសិទ្ធនាមឈ្មោះភូមិនៅមណ្ឌលភៀសសឹកនៅខេត្តឧត្តរមានជ័យ ថា “ភូមិស្រះកែវចងចាំ” និងមណ្ឌលភៀសសឹកនៅខេត្តព្រះវិហារ ថា “ភូមិតាកឹងបៃតងចងចាំ” ។ សម្ដេចធិបតី បានមានប្រសាសន៍ថា ការដាក់ឈ្មោះចងចាំ គឺដើម្បីចងចាំការលំបាកគ្រប់បែបយ៉ាងដែលប្រជាពលរដ្ឋរបស់យើងបានឆ្លងកាត់ដោយសារការឈ្លានពានពីសំណាក់យោធាថៃ មកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ក្នុងនាមជាមេដឹកនាំ យើងត្រូវគិតគូរអំពីអាយុជីវិតកងទ័ព និងប្រជាពលរដ្ឋ ហេតុនេះហើយ ទើបរាជរដ្ឋាភិបាលជ្រើសរើសយកយន្តការច្បាប់ និងការទូត ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធី ។ ក្នុងន័យនេះ, សូមប្រជាពលរដ្ឋមានការអត់ធ្មត់ និងរង់ចាំលទ្ធផលនៃការដោះស្រាយ ព្រោះយន្តការនេះត្រូវការពេលវេលាយូរបន្តិច។
មុននឹងបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យអ្នកដែលខ្វះដីពិតប្រាកដ សូមកុំជឿតាមការញុះញង់របស់ជនខិលខូចឱ្យទៅកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ បើបងប្អូនខ្វះដីពិតប្រាកដ សូមទៅដាក់ពាក្យស្នើសុំតាមអាជ្ញាធរមូលដ្ឋាន ហើយរាជរដ្ឋាភិបាលចាំជួយជានិច្ច ដោយក្នុងនោះរាជរដ្ឋាភិបាល បានផ្ដល់ដី និងផ្ទះជូនប្រជាពលរដ្ឋជាច្រើនមកហើយ តាមរយៈគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ និងកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ជាដើម ។
ជាទីបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមរៀបចំចែកពូជស្រូវ ពូជបន្លែ និងពូជដំណាំផ្សេងៗទៀត ដើម្បីឱ្យកសិករអាចចាប់ផ្តើមដាំដុះឡើងវិញបានទាន់ពេល។ បន្ថែមពីនេះ, ក្រសួងធនធានទឹក និងឧតុនិយម ត្រូវរៀបចំប្រព័ន្ធស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកឱ្យបានគ្រប់គ្រាន់ ព្រមទាំងត្រៀមលក្ខណៈបម្រុងទុក ដើម្បីជៀសវាងបញ្ហាខ្វះខាតទឹកប្រើប្រាស់ ក្នុងរដូវប្រាំង។ ដោយឡែក, ក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវចុះពិនិត្យ ជួសជុល និងស្តារឡើងវិញនូវរាល់ខ្សែផ្លូវដែលបានខូចខាត និងត្រូវយកបញ្ហានេះធ្វើជាបទពិសោធក្នុងការសិក្សាសាងសង់ផ្លូវជនបទឱ្យមានភាពរឹងមាំជាប់បានយូរ ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើសំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកផងដែរ៕
ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
