អភិបាលខេត្តកំពង់ស្ពឺ បន្តលើកទឹកចិត្តអ្នកវិនិយោគមកពីប្រទេសចិនឱ្យមកបង្កើតរោងចក្រកាន់តែច្រើននៅក្នុងខេត្ត

admin By admin September 17, 2026

(ខេត្តកំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានបន្តលើកទឹកចិត្តអ្នកវិនិយោគមកពីប្រទេសចិនឱ្យមកបង្កើតរោងចក្រកាន់តែច្រើននៅក្នុងខេត្តកំពង់ស្ពឺ។ 

ការលើកឡើងបែបនេះ នៅក្នុងឱកាសអញ្ជើញចូលរួម កិច្ចប្រជុំផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអាស៊ាន – ហួយហ្វា (Huaihua) នៅទីក្រុងណាននីង Nanning city តំបន់ស្វយ័តក្វាងស៊ី សាធារណៈរដ្ឋប្រជាមានិតចិន។

ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងសន្ទរកថា អំពីសក្តានុពលខេត្តកំពង់ស្ពឺ ជូនដល់ក្រុមអ្នកវិនិយោគជាច្រើននាក់ ដើម្បីជាមូលដ្ឋានក្នុងការពិចារណាទៅវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍បញ្ជាក់ក្នុងពិធីកិច្ចសសហប្រត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអាស៊ាន-ហួយហ្វាថា បច្ចុប្បន្នខេត្តកំពង់ស្ពឺ កំពុងទទួលបានអ្នកវិនិយោគចូលមកបណ្ដាក់ទុនជាច្រើនក្រុមហ៊ុន។ ហើយគម្រោងវិនិយោគទាំងនេះ បានបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ បានយ៉ាងច្រើន ហើយបច្ចុប្បន្ន ក៏មានក្រុមហ៊ុនមួយចំនួនទៀត កំពុងតែដាក់ពាក្យស្នើសុំចូលមកបណ្ដាក់ទុនបន្ថែមទៀតផងដែរ ។

ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងបន្តថា មូលហេតុដែលខេត្តកំពង់ស្ពឺទទួលបានក្រុមអ្នកវិនិយោគចូលមកបណ្ដាក់ទុនច្រើន ដោយសារតែខេត្តនេះមានសក្ដានុពលជាច្រើនលើវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ មានប្រជាពលរដ្ឋឧស្សាហ៍ព្យាយាម ស្មោះត្រង់ស្លូតបូត មានភាពឆ្លាតវៃ ជាពិសេសអាជ្ញាធរខេត្តបានយកចិត្តទុកដាក់ជួយសម្រប សម្រួលគ្រប់បែបយ៉ាង ជូនអ្នកវិនិយោគទុន និងធានាបានសុខសុវត្ថិភាព សម្រាប់អ្នកវិនិយោគ។

ឆ្លើយតបទៅនឹងការលើកឡើងរបស់ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ ក្រុមអ្នកវិនិយោគចិន ក៏បានលើកឡើងពីចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការចង់មកបង្កើតក្រុមហ៊ុន និងរោងចក្រក្នុងពេលឆាប់ៗនេះ ហើយក្រុមអ្នកវិនិយោគចិន នឹងកៀរគរក្រុមអ្នកវិនិយោគចិន ដែលជាដៃគូសហការនៅប្រទេសចិន ឱ្យមកទស្សនកិច្ចសិក្សាស្រាវជ្រាវលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ដើម្បីចូលមកបណ្ដាក់ទុនឱ្យបានកាន់តែច្រើនថែមទៀត នៅក្នុងទឹកដីនៃខេត្តកំពង់ស្ពឺ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *