ឯកឧត្តម វ៉ា ថន អញ្ជើញជាអធិបតីកាត់បើកវិញ្ញាសា ដើម្បីចាប់ផ្ដើមដំណើរការនៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦
ខេត្តក្រចេះ៖ ព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីកាត់បើកវិញ្ញាសា ដើម្បីចាប់ផ្ដើមដំណើរការនៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ នៅមណ្ឌលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានបង្ហាញហឹបវិញ្ញាសាជូនដល់បេក្ខជនប្រឡង ពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសារ នៅចំពោះមុខបេក្ខជន ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
ឯកឧត្តម អភិបាលខេត្តបានផ្តាំផ្ញើជូនដល់ក្មួយៗទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ រយៈពេល០២ថ្ងៃនេះ ត្រូវខិតខំឲ្យអស់ពីសមត្ថភាព ព្រមទាំងគោរពតាមបទបញ្ជាផ្ទៃក្នុងនៅពេលប្រឡងឲ្យបានល្អ ដើម្បីរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយអំឡុងពេលប្រឡង ពិសេសជូនពរឲ្យក្មួយៗជោគជ័យក្នុងការប្រឡង សាកសមជាទំពាំងស្នងឬស្សី ជាសសរទ្រូងប្រទេសជាតិ។
សូមបញ្ជាក់ថា ខេត្តក្រចេះ មាន៥មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានបេក្ខជន២៦១៧នាក់/ស្រី១៤៥៦នាក់ ក្នុងនោះបេក្ខជនស្វ័យរិន២៩១នាក់/ស្រី១៤៦នាក់ ៖
១). មណ្ឌលវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ក្រុងក្រចេះ(ជើង) មាន១៧បន្ទប់ បេក្ខជន៤១៤នាក់/ស្រី២៣៨នាក់ ។
២). មណ្ឌលវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ក្រុងក្រចេះ(ត្បូង) មាន១៩បន្ទប់ បេក្ខជន៤៥៣នាក់/ស្រី២៣៣នាក់ ។
៣). មណ្ឌលវិទ្យាល័យខូវប៊ុនស៊ុន មាន២០បន្ទប់ បេក្ខជន៥០០នាក់/ស្រី៣៣៨នាក់ ។
៤). មណ្ឌលវិទ្យាល័យព្រះមហាក្សត្រិយានីកុសុមៈ មាន២៥បន្ទប់ បេក្ខជន៦២៥នាក់/ស្រី៣៣២នាក់ ។
៥). មណ្ឌលសាកលវិទ្យាល័យក្រចេះ មាន២៥បន្ទប់ បេក្ខជន៦២៥នាក់/ស្រី៣៣៨នាក់ ។
ប្រភព៖ រដ្ឋបាលខេត្តក្រចេះ











