អភិបាលខេត្តកំពត អញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន
កំពត៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០-១១ ខែសីហា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន កំពតក្រុង ស្ថិតក្នុងក្រុងកំពត។
ដោយក្ដីយកចិត្តទុកដាក់ និងគិតគូរខ្ពស់ចំពោះក្មួយៗសិស្សានុសិស្ស ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភផ្តល់ជូននូវអង្ករ និងត្រីខ ដោយផ្ទាល់ ព្រមទាំងបានណែនាំដល់អាជ្ញាធរក្រុង-ស្រុកដែលមានមណ្ឌលប្រឡង ឱ្យទទួលបន្ទុករៀបចំចម្អិនជាអាហារថ្ងៃត្រង់ ដោយឥតគិតថ្លៃជូនដល់បេក្ខជនប្រឡងទាំងអស់នៅគ្រប់មណ្ឌលទាំង ១០ ទូទាំងខេត្ត សម្រាប់រយៈពេល ២ថ្ងៃ នៃការប្រឡងនេះ។ ឆ្នាំកន្លងទៅក៏ឯកឧត្តម បានឱ្យរៀបចំបែបនេះផងដែរ។
ផ្អែកតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពត មានមណ្ឌលប្រឡងសរុបចំនួន ១០ មណ្ឌល ស្មើនឹង ២១១ បន្ទប់ ក្នុងនោះរួមមាន៖ថ្នាក់វិទ្យាសាស្ត្រ៖ មានចំនួន ៣ មណ្ឌល (៤៨ បន្ទប់)ថ្នាក់វិទ្យាសាស្ត្រសង្គម៖ មានចំនួន ៧ មណ្ឌល (១៦៣ បន្ទប់)
ចំពោះបេក្ខជនប្រឡងសរុបទូទាំងខេត្តមានចំនួន ៥,២២៨ នាក់ (ស្រី ៣,០៥៣ នាក់) ក្នុងនោះបេក្ខជនចំណេះទូទៅមានចំនួន ៥,០១៧ នាក់ (ស្រី ២,៩៤៣ នាក់)៕
ប្រភព៖ រដ្ឋបាលខេត្តកំពត










