អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦
ប៉ៃលិន៖ ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោក ជំទាវ បណ្ឌិត បាន ស្រីមុំអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញបើក បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា ២០២៥-២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតក្នុងភូមិអូរតាពុកក្រោមសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកទឹកចិត្ត ក្មួយៗ សិស្សានុសិស្សទាំងអស់ ដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ត្រូវខិតខំប្រឹងប្រែងឱ្យអស់ ពីសមត្ថភាពធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសារ ដោយត្រូវគោរពឱ្យបាន ខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិនិងបទបញ្ជាផ្ទៃក្នុងនៃការ ប្រឡង ហើយការប្រឡងឆ្នាំនេះ ក៍មិនខុសពីឆ្នាំមុនៗដែរនីតិវិធីនៃការ រៀបចំ ទាំង អស់ រឹតតែមានការប្រុងប្រយ័ត្ន និងតឹង រឹងបំផុតពោល«អ្នកចេះគឺជាប់»។
លោកជំទាវ ក៏បានបង្ហាញហឹបវិញ្ញាសារជូនដល់បេក្ខជនប្រឡង ពិនិត្យភាពបិទជិត មានបិទស្កុតនិងត្រាស្រោមប្រធានវិញ្ញាសារនៅចំពោះមុខបេក្ខជន ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរព តាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ព្រមទាំងបានផ្តាំផ្ញើរជូនដល់ក្មួយៗទាំងអស់ ត្រូវ ថែរក្សាសុខភាពឲ្យបានល្អ រយៈពេល ០២ថ្ងៃនេះ និងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានជោគជ័យ ក្នុងការ ប្រឡង ដែលសាកសមជាទំពាំងស្នងឫស្សី នឹងក្លាយជាសសរទ្រូងរបស់ប្រទេសជាតិនាថ្ងៃអនាគត់។
សម្រាប់ ឆ្នាំសិក្សា ២០២៥-២០២៦ ក៏មិនខុសពីឆ្នាំមុនៗនោះដែរ គឺឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តប៉ៃលិន បានបន្តផ្ដល់ជូនសម្រាប់ បេក្ខជន ប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ ទាំងអស់ នៅទូទាំងខេត្ត សម្រាប់កន្លែងស្នាក់នៅ និងអាហារ៣ពេល មធ្យោបាយធ្វើ ដំណើរទៅ កាន់មណ្ឌលប្រឡង ព្រមទាំង ការផ្ញើកង់-ម៉ូតូដោយឥតគិតថ្លៃ នៅតាម ទីតាំង ដែល បានរៀបចំ ហើយចំពោះបេក្ខជន ដែល ទទួលបាននិទ្ទេសល្អ ឯកឧត្តម និងលោកជំទាវ នឹងផ្តល់រង្វាន់លើកទឹក ចិត្ត ព្រមទាំងផ្តល់អាហាររូបករណ៍ជូន សិស្សានុសិស្ស ដែលមានជីវភាពខ្វះខាត មានបំណងបន្តការសិក្សាទៅ ថ្នាក់ឧត្តម សិក្សា ផងដែរ។
ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន










