ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

admin By admin October 23, 2026

នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ នៅសាលប្រជុំរបស់នាយកដ្ឋានភស្តុភារ និងសម្ភារបច្ចេកទេស (និរោធ) ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ព្រមទាំងប្រធាន-នាយការិយាល័យចូលរួមផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានមានមតិស្វាគមន៍ និងបានឯកភាពលើរបាយការណ៍ស្តីពីការបូកសរុបលទ្ធផលការងារខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ព្រមទាំងបានវាយតម្លៃខ្ពស់នូវការខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ទើបសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់នាពេលនេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានណែនាំឱ្យនាយកដ្ឋានជំនាញយកចិត្តទុកដាក់ប្រមូលចំណូលបន្ថែមទៀតឱ្យស្របតាមផែនការ ក៏ដូចជាពន្លឿនធានាចំណាយដែលនៅសល់ ព្រមទាំងត្រៀមក្រុមការងារ ដើម្បីត្រួតពិនិត្យការងារអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធពេញលេញចំណុះក្រសួងមហាផ្ទៃ។

ទន្ទឹមនេះ ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គនាយក បានស្នើឱ្យនាយកដ្ឋានស្ថាបនា និងវិស្វកម្ម ជំរុញការងារសាងសង់អគារអគ្គស្នងការដ្ឋាននគរបាលជាតិថ្មី ដែលត្រៀមដាក់សម្ពោធនាពេលខាងមុខ ដោយឡែកសម្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ត្រូវបន្តពន្លឿនការសាងសង់ឱ្យបានទាន់ពេលវេលាតាមផែនការ។

ជាកិច្ចបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក ក៏បានណែនាំដល់មន្រ្តីនគរបាលរបស់អគ្គនាយកដ្ឋានទាំងអស់ ត្រូវពង្រឹងអនុវត្តតាមបទវិន័យរបស់កងកម្លាំងនគរបាលជាតិឱ្យបានត្រឹមត្រូវ ហើយត្រូវបន្តសាមគ្គីភាពឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីរួមចំណែកសម្រេចបាននូវលទ្ធផលការងារជូនអង្គភាព និងក្រសួងមហាផ្ទៃ។

ប្រភព៖ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *