ឯកឧត្តម វ៉ី សំណាង អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការរៀប ចំសួនច្បារ និងហេដ្ឋារចនា សម្ព័ន្ធជុំវិញមាត់បឹងតាកែវ ដើម្បីត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក
តាកែវ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តតាកែវ បានដឹកនាំប្រតិភូ និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការរៀបចំវេទិកាអុំទូក សួនច្បារ និងហេដ្ឋារចនា សម្ព័ន្ធជុំវិញតំបន់មាត់បឹងតាកែវ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ ។
ការចុះពិនិត្យរបស់ ឯកឧត្តម អភិបាលខេត្ត នាថ្ងៃនេះ គឺដើម្បីជំរុញល្បឿនការងាររៀបចំ និងកែលម្អសោភ័ណភាពតំបន់មាត់បឹងឱ្យកាន់តែមានភាពស្រស់ស្អាត មានបរិស្ថានល្អប្រសើរ ធានាបាននូវសុវត្ថិភាព សន្តិសុខ និងរបៀបរៀបរយសាធារណៈខ្ពស់ ដើម្បីត្រៀមលក្ខណៈជាស្រេចក្នុងការរៀបចំ “ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក “ នាពេលខាងមុខ ឱ្យប្រព្រឹត្តទៅដោយរលូន និងអធិកអធមបំផុត ។
នាឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានណែនាំដល់ក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់លើគុណ ភាពនៃការកសាង ការតុបតែងភ្លើងលម្អ និងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ដើម្បីបង្កើតបរិយាកាសរីករាយ និងទាក់ទាញបងប្អូនប្រជា ពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យអញ្ជើញមកកម្សាន្តសប្បាយរីករាយនៅក្នុងខេត្ត តាកែវឱ្យបានច្រើនកុះករ។
គូសបញ្ជាក់ផងដែរថា មាត់បឹងតាកែវ គឺជាទីតាំងប្រវត្តិសាស្ត្រ និងជាបេះដូងនៃក្រុងដូនកែវ ដែលតែងតែប្រារព្ធព្រឹត្តិការណ៍ប្រពៃណីជាតិ និងពិធីបុណ្យ ផ្សេងៗយ៉ាងកកកុញ។ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសួនច្បារជុំវិញតំបន់នេះ មិនត្រឹមតែបម្រើឱ្យព្រះរាជពិធីបុណ្យអុំទូកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់មុខមាត់ខេត្ត និងបម្រើដល់ការរស់នៅ និងការហាត់ប្រាណរបស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃផងដែរ ៕
ប្រភព ៖ រដ្ឋបាលខេត្តតាកែវ








