ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញប្រគល់ផ្ទះជូនអតីតយុទ្ធជន ចំនួន១៧គ្រួសារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍កម្ពុជាខេត្តបន្ទាយមានជ័យម ដំណើរដោយលោក ឃ្លោក នួយ ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត លោក ហ៊ឹល រ៉ាយ៉ា អនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត លោកស្រី ចំរើន ដាណេ អភិបាលនៃគណៈអភិបាលស្រុកភ្នំស្រុក រួមនឹងក្រុមការងារស្រុក -ឃុំ នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០២៦ បានអញ្ជើញចាប់ឆ្នោតប្រគល់ផ្ទះជូនដល់អតីតយុទ្ធជន ចំនួន១៧គ្រួសារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅក្នុងមណ្ឌលតេជោសន្តិភាព ២២២២ ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជនកម្ពុជា ព្រមទាំងបានចាត់ក្រុមការងារចុះជួបជាមួយបងប្អូនអតីតយុទ្ធជនជាប់ជាប្រចាំ។
ក្នុងនោះ ឯកឧត្ដម អ៊ុំ រាត្រី ក៏បានសម្តែងពីការដឹងគុណ ចំពោះវីរភាពរបស់អតីតយុទ្ធជនកម្ពុជាអតីតយុទ្ធជន ដែលជាវីរបុរសដ៏ឆ្នើម បានលះបង់សាច់ស្រស់ ឈាមស្រស់ កម្លាំងកាយចិត្ត ដើម្បីការពារទឹកដី សន្តិភាព និងកសាងសុខសន្តិភាពជូនមាតុភូមិកម្ពុជា។ ហើយការឆ្លងកាត់ដំណាក់កាលសង្គ្រាមដ៏ជូរចត់ និងរលកនៃប្រវត្តិសាស្ត្រ បានធ្វើឱ្យបងប្អូនអតីតយុទ្ធជនមួយចំនួនធំត្រូវបាត់បង់សមាជិកគ្រួសារ ខ្លះក៏ធ្លាក់ខ្លួនពិការ។ ជាមួយនឹងការតបស្នងនេះដែរ ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាខ្លាំងលើសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន តាមរយៈការជួយឧបត្ថម្ភគាំពារដល់ក្រុមគ្រួសារ ឧបត្ថម្ភដី និងផ្ទះ សម្រាប់ស្នាក់នៅសមរម្យ ព្រមទាំង បានឧបត្ថម្ភគាំពារផ្សេងៗដោយគ្មានការរើសអើងពូជសាសន៍ ពណ៌ សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ មួយវិញទៀតផ្តល់សេវាព្យាបាលជំងឺដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ជួយសម្រាលបន្ទុកចំណាយលើការថែទាំសុខភាព ជាពិសេសនៅក្នុងវ័យជរា ឬអ្នកដែលមានពិការភាពជាដើម៕











