រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា លើកទី២ រំលឹកខួប៣៣ឆ្នាំ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ”

admin By admin September 24, 2026

( ខេត្តកំពង់ស្ពឺ)៖ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតី ដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា លើកទី២ រំលឹកខួប៣៣ឆ្នាំ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ”។ 

ពិធីនេះក៏មានការអញ្ជេីញចូលរួមឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត សាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមប្រឹក្សាស្រុក និងអភិបាលក្រុង-ស្រុក មន្ត្រីរាជការ មន្ទីរអង្គភាពនានាជុំវិញខេត្ត ប្រារព្ធធ្វេីនៅសាលប្រជុំ (ធំ) សាលាខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្ដមបណ្ឌិត អភិបាល នៃគណៈអភិបាលខេត្ត មានប្រសាសន៍ថា ការបន្សាំគ្នានៃគុណតម្លៃទាំងពីរ បានបង្កនូវកម្លាំងសម្របសម្រួល និងជំរុញរួមគ្នាក្នុងការដោះស្រាយបញ្ហានយោបាយ និងបញ្ហាច្បាប់ ដោយរក្សាបាននូវភាពសុខដុមរមនាក្នុងសង្គម។ 

រដ្ឋធម្មនុញ្ញនេះត្រូវបានធ្វើវិសោធនកម្មចំនួន១០លើក និងត្រូវបង្កើតច្បាប់ធម្មនុញ្ញបន្ថែមចំនួនមួយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់សង្គម។ការអនុវត្តរដ្ឋធម្មនុញ្ញក្នុងរយៈពេល៣៣ឆ្នាំកន្លងមកនេះ ព្រះរាជាណាចក្រកម្ពុជា សម្រេចបាន នូវសមិទ្ធផលធម្មនុញ្ញដ៏ថ្លៃថ្លា ស្របតាមឆន្ទៈដែលបានសរសេរចារឹកក្នុងបុព្វកថា នៃរដ្ឋធម្មនុញ្ញ ក្នុងការកសាងប្រទេសជាតិឱ្យទៅជា “កោះសន្តិភាព” ឡើងវិញពេញបរិបូរណ៍ នៅក្រោមម្លប់ដ៏ត្រជាក់ នៃព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ គ្រប់ស្ថាប័នជាតិ ធានាបានការប្រព្រឹត្តទៅដោយទៀងទាត់ នៃអំណាចសាធារណៈ ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនឆាប់រហ័សប្រែមុខមាត់ថ្មីប្រកបដោយកិត្តិយស ស្មើភាពស្មើសិទ្ធិលើឆាកអន្តរជាតិ ដោយមានថ្នាក់ដឹកនាំកំពូល នៃស្ថាប័នជាតិ ជាស្នូល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមស្មារតីរដ្ឋធម្មនុញ្ញ ក្នុងការដឹកនាំនាវាកម្ពុជាឱ្យក្លាយ ៖ ១. ជារដ្ឋប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស, ២. ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ រួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់លើសកលលោក ដោយអនុវត្តនយោបាយបរទេសឯករាជ្យ ផ្អែកលើច្បាប់, ៣. ជារដ្ឋអនុវត្តសេដ្ឋកិច្ចទីផ្សារ គោរពការពារសិទ្ធិមនុស្ស និងយុត្តិធម៌សង្គម ស្របតាមគន្លងស្មារតីនីតិរដ្ឋជាគោល, ៤. ប្រជាពលរដ្ឋជាម្ចាស់វាសនា នៃប្រទេសជាតិ មានជីវភាពរស់នៅដោយសុខដុមរមនា មានសិទ្ធិសេរីភាពដ៏ទូលំទូលាយក្នុងការចូលរួមសកម្មភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រទេសជាតិ និងរួមរស់ក្នុងភាពសុខដុមជាតិសាសន៍ និងសាសនាយ៉ាងល្អប្រពៃ។

ឯកឧត្ដមបណ្ឌិត បញ្ជាក់ថា ផ្អែកលើមូលដ្ឋាន នៃសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ ដែលសម្រេចបានក្នុងរយ:ពេលកន្លងមក ព្រះរាជាណាចក្រកម្ពុជា ដោយមានរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាស្នូល ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី មានការប្តេជ្ញាខ្ពស់ បន្តអនុវត្តតាមរដ្ឋធម្មនុញ្ញដែលមានស្មារតីសម្របសម្រួលរួមគ្នានៃគុណតម្លៃទំនើបនិងគុណតម្លៃប្រពៃណីរបស់ជាតិ ដោយបន្តពង្រឹងថាមពលនៃកម្លាំងនេះ ទន្ទឹមនឹងរក្សាឱ្យបានដាច់ខាតនូវសុខសន្តិភាព ឯកភាពជាតិ និងស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះ ធានានូវធម្មានុរូបភាព នៃរបបនយោបាយកម្ពុជា ដើម្បីបុព្វហេតុបន្តការអភិវឌ្ឍប្រទេសជាតិ ឈរលើមូលដ្ឋាននៃ “កម្មវិធីនយោបាយ” និង “យុទ្ធសាស្ត្របញ្ចកោណ” សម្រាប់ការអនុវត្តជាដំណាក់កាលៗ ដោយសម្លឹងឆ្ពោះទៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *