ឯកឧត្តម ហ៊ឹម យ៉ាន អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលើវឌ្ឍនភាពការងារក្រុមការងារសន្តិសុខ សណ្ដាប់ធ្នាប់ទីស្ដីការក្រសួងមហាផ្ទៃ ប្រចាំខែកញ្ញា និងលើកទិសដៅការងារប្រចាំខែតុលា
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហ៊ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលើវឌ្ឍនភាពការងារក្រុមការងារសន្តិសុខ សណ្ដាប់ធ្នាប់ទីស្ដីការក្រសួងមហាផ្ទៃប្រចាំខែកញ្ញា និងលើកទិសដៅការងារប្រចាំខែតុលា ដោយមានការអញ្ជើញចូលរួមពី អគ្គលេខាធិការរង ថ្នាក់ដឹកនាំ តំណាងកងកម្លាំងការពារ កងកម្លាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្រុមការងារផ្នែកសុខាភិបាល និងមន្ត្រីជំនាញពាក់ព័ន្ធតាមបណ្តាគោលដៅអង្គភាពជំនាញនីមួយៗជាច្រើនរូបទៀត។
ឯកឧត្តម រដ្ឋលេខាធិការ ប្រធានអង្គប្រជុំបានមានប្រសាសន៍ថា កិច្ចប្រជុំនៅពេលនេះគឺ ដើម្បីបន្តពង្រឹងអំពីការងារ ផែនការ ការពារ រក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ តាមបណ្តាគោលដៅសំខាន់ៗឱ្យបានល្អនៅក្នុងទីស្តីការក្រសួងមហាផ្ទៃ ។
ក្នុងនោះ ឯកឧត្តម បានបន្ថែមថា ដើម្បីធានាបាននូវបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងបរិស្ថានអនាម័យនៅក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការរួមដូចខាងក្រោម ត្រូវយកចិត្តទុកដាក់ក្តាប់សភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីដាក់ចេញវិធានការដោះស្រាយបានទាន់ពេលវេលា ។ ធានាឱ្យបានដាច់ខាតនូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការបង្ការជំងឺឆ្លងផ្សេងៗ ជូនចំពោះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបំពេញភារកិច្ចក្នុងបរិវេណក្រសួងមហាផ្ទៃ ។ រៀបចំវិធានការការពារសន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ព្រមទាំងបរិស្ថានអនាម័យ ឱ្យបាន ល្អប្រសើរក្នុង និងក្រៅបរិវេណជុំវិញក្រសួងមហាផ្ទៃ ប្រើប្រាស់វិធានការសរុប មធ្យោបាយសរុប និងកម្លាំងសរុបសំដៅធានាដល់កិច្ចសហការ ការពារសន្តិសុខសុវត្ថិភាពឱ្យបានខ្ពស់បំផុត ត្រូវពង្រឹងកិច្ចសហការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីគ្រប់អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបានតាមផែនការដែលបានដាក់ចេញឱ្យទទួលបានជោគជ័យ និងលទ្ធផលល្អប្រសើរ ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ










