ឯកឧត្តម យិត ភីរៈ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពការងាររៀបចំការប្រកួត “ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី៣ ឆ្នាំ២០២៦
ភ្នំពេញ៖ ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រចាំការគណៈកម្មាការរៀបចំការប្រកួត បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពការងាររៀបចំការប្រកួត “ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី៣ ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលអភិវឌ្ឍធនធានកីឡាជាតិកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ប្រធាន-អនុប្រធាន និងសមាជិក នៃគណៈកម្មាការរៀបចំការប្រកួតទាំងអស់។
នាឱកាសនោះ ឯកឧត្តម អគ្គលេខាធិការ មានប្រសាសន៍អំពីការសម្រេចបាន នូវធាតុចូលបន្ថែមសំខាន់ៗមួយចំនួនដូចជា៖ បទបញ្ញាតិនៃការប្រកួត ការកែសម្រួលមួយចំនួន។ ជាពិសេសបានពិភាក្សាលម្អិត ស្តីពីការចុះត្រួតពិនិត្យកំណត់យកទីតាំងប្រកួត ដើម្បីមានពេលវេលារៀបចំឱ្យបានសមស្រប។
ជាទីបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ បានក្រើនរម្លឹកដល់ក្រុមការងារ នៃអនុគណៈកម្មាការទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងាររៀងៗខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយការទទួលខុសត្រូវ ដើម្បីឱ្យការរៀបចំប្រព្រឹត្តិការណ៍លើកទី៣ខាងមុខនេះ កាន់តែមានភាពរលូន និងប្រកបទៅដោយជោគជ័យ៕
ប្រភព៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា














