សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (LE Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

admin By admin October 9, 2026

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រីក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា។ សម្ដេចបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមមកកាន់កម្ពុជានៅពេលនេះ នឹងញ៉ាំងឱ្យទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមកាន់តែរឹងមាំបន្ថែមទៀត។

នៅក្នុងឱកាសនោះ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានលើកឡើងថា សម្ដេចតេជោគឺជាមិត្តដ៏ជិតស្និទ្ធបំផុតរបស់វៀតណាម។ ទន្ទឹមនេះ ឯកឧត្តមក៏បានលើកឡើងដោយសរសើរពីភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជាដែលមាននាពេលបច្ចុប្បន្ននេះ ដែលមានការអភិវឌ្ឍជាបន្តបន្ទាប់។ ឯកឧត្តមក៏អបអរសាទរចំពោះកម្ពុជាដែលបានរៀបចំយ៉ាងជោគជ័យនូវសន្និសីទប្រធានសភា នៃអន្តរសភាដែលបានរៀបចំជោគជ័យកាលពីពេលកន្លងទៅនេះ។
ឯកឧត្តមក៏បានរាយការណ៍ជូនសម្ដេចតេជោអំពីជំនួបរវាងសម្ដេចតេជោ ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយបានជជែកគ្នាទាក់ទងទៅនឹងការពង្រឹងទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងវៀតណាមឱ្យកាន់តែរឹងមាំ ហើយជាពិសេសគឺផ្ដោតទៅលើពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគដែលធ្វើយ៉ាងណាជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែកើនឡើង។ ចំណុចដែលកត់សម្គាល់ឯកឧត្តមបានជម្រាបសម្ដេចតេជោនោះគឺផ្ដោតសំខាន់ទៅលើពាណិជ្ជកម្មនៅតាមព្រំដែនរវាងកម្ពុជា និងវៀតណាម ឱ្យមានភាពមមាញឹកថែមទៀត ដើម្បីជំរុញនូវសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើនរវាងប្រទេសទាំងពីរ។

សម្ដេចតេជោបានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ជុំវិញទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមហើយជាពិសេសគឺពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគដែលសម្ដេចតេជោបានលើកឡើងនៅចំពោះមុខឯកឧត្តមថា សេដ្ឋកិច្ច និងការវិនិយោគនេះ គឺជាចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ដោយសម្ដេចជំរុញបន្ថែមទៀតឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការជំរុញនូវពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមឱ្យមានការកើនឡើង។

សម្ដេចក៏បានសម្ដែងនូវការពេញចិត្តចំពោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលមានការកើនឡើងជាបន្តបន្ទាប់ ហើយសម្ដេចចង់ឃើញនូវការដាក់គោលដៅរវាងប្រទេសទាំងពីរទៅលើវិស័យដែលមានសក្តានុពលជាមួយគ្នា ហើយកិច្ចការទាំងអស់នេះ នឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន។

ចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម នៅក្នុងប្រទេសកម្ពុជាទទួលបាននូវភាពជោគជ័យ៕

Leave a Reply

Your email address will not be published. Required fields are marked *