កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោស(កុមារ)
(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីឪពុកម្ដាយរបស់កុមារីរងគ្រោះ តាមប្រព័ន្ធទូរសព្ទថា មានករណីៈរំលោភសេពសន្ថវៈលើកូនស្រីរបស់ខ្លួន ឈ្មោះ ល.ណ.គ អាយុ៩ឆ្នាំ ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង១០និង៥០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅចំណុចក្នុងអគាកំពង់សាងសង់ ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ ក្រោយពីទទួលបានព័ត៌មានរបស់ឪពុកម្ដាយជនរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុហើយឃាត់ខ្លួនជនសង្ស័យឈ្មោះ រៀន ម៉ារិន ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី ។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនមានចេតនាយកដៃទៅប៉ះប្រដាប់ភេទកុមាររងគ្រោះពិតប្រាដកមែន។ដោយផ្អែកលើចម្លើយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕




