រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួបទី១៤ឆ្នាំ

admin By admin October 14, 2026

(កំពង់ស្ពឺ)៖ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អាជ្ញាធរ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធ ធ្វើពិធីរៀបចំគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវិរក្សត្រ ព្រះវររាជបិតាជាតិ គម្រប់ខួបទី១៤ឆ្នាំ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីរំលឹក និងសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយចំពោះព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពល ដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។ 

ពិធីនេះ បានប្រព្រឹត្តធ្វើឡើងនៅសាលាខេត្តកំពង់ស្ពឺ។នៅក្នុងពិធីនោះ ក៏មានការនិមន្តព្រះសង្ឃសូត្រមន្ត និងចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសដល់វិញ្ញាក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវិរក្សត្រ និងមានកិច្ចប្រោសព្រំសូមសេចក្តីសុខ សេចក្តីចម្រើនជូនដល់ថ្នាកដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តផងដែរ។

ក្រោយពីការថ្វាយគ្រឿងសក្ការៈបូជានៅចំពោះមុខព្រះឆាយាលក្ខណ៍ និងការគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ កម្មវិធីទាំងមូលបានធ្វើការសង្រួមកាយ វាចា ចិត្ត ឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” សូមទ្រង់បានយាងទៅកាន់ព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

បន្ទាប់មកបាននិមន្តព្រះសង្ឃចម្រើនសត្តប្បករណាភិធម្មដារបង្សុកូលឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋផងដែរ។សូមរំលឹក អំពីស្នាព្រះហស្ថ របស់ព្រះអង្គ ដែលនៅគង់ព្រះជន្ម ដើម្បីប្រគេនជូនដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងអង្គពិធី ជ្រាបចាប់តាំងពីឆ្នាំ១៩៤៧ រៀងមក ជាពិសេស ការ រំលឹកអំពី សមិទ្ធផលធំៗ នៅតាមបណ្តាខេត្ត ក្រុងនានា ជាច្រើន ឥតគណនា ត្រូវបានស្ថាបនា និងកសាងឡើងក្នុងសម័យព្រះអង្គ គ្រប់គ្រងដឹកនាំប្រទេសកម្ពុជា ។ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងសម័យសង្គមរាស្ត្រខ្មែរបានថ្វាយ ព្រះនាម ព្រះអង្គថាជា ព្រះបិតាឯករាជ្យជាតិ ព្រះបិតាសិក្សាធិការជាតិ ព្រះបិតាសុខាភិបាលជាតិ ព្រះបិតាកីឡាជាតិ ព្រះបិតាស្ថាបនា ជាតិ។ នៅឆ្នាំ១៩៥៥ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ប្រទេសកម្ពុជាបានចូល ជាសមាជិកអង្គការសហប្រជាជាតិ។ការចូលទីវង្គត់ របស់ព្រះបរមរតនកោដ្ឋ គឺជាការបាត់វីរៈ មហាក្សត្រមួយអង្គ ដ៏ឆ្នើមបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះបិតាឯករាជ្យជាតិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានបូជាព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជ សកម្មភាព ដើម្បីបុព្វហេតុ ឯករាជជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីជាការ តបស្នងនូវព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ។

គួររំលឹកដែរថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ព្រះអង្គបានប្រសូតនៅ ថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ និងបានយាងចូលព្រះទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នាទីក្រុងប៉េកាំង៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *