រដ្ឋបាលខេត្តតាកែវ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៤ឆ្នាំ

admin By admin October 15, 2026

តាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិ បាលខេត្តតាកែវ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ បានអញ្ជើញរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្នុងឱកាសខួបគម្រប់ ១៤ឆ្នាំ (១៥ តុលា ២០១២ – ១៥ តុលា ២០២៦) នៃការយាងសោយព្រះទិវង្គត។ 

ពិធីដ៏មានអត្ថន័យនេះ បានប្រព្រឹត្តទៅយ៉ាងអធិកអធម នៅឯសួនច្បារ មាត់បឹង ទីរួមខេត្តតាកែវ ។

មានប្រសាសន៍ក្នុងឱកាសដ៏ឧដ្ដុង្គឧត្ដមនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា ការរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធនេះ គឺជាការបង្ហាញនូវសេចក្តីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត ដែលពោរពេញទៅដោយភក្តីភាពដ៏ស្មោះស្ម័គ្រមិនអាចកាត់ថ្លៃបាន របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជារាស្ត្រខ្មែរគ្រប់រូប ចំពោះព្រះរាជកិច្ចបូជាដ៏ធំធេងរបស់ព្រះអង្គ។ ព្រះករុណា ព្រះបរមរតនកោដ្ឋ គឺជាព្រះមហាវីរក្សត្រដែលបាន បន្សល់ទុកនូវស្នាព្រះហស្ថ និងមរតកប្រវត្តិសាស្ត្រជាច្រើនសម្រាប់ប្រទេសជាតិ រួមមាន ការទាមទារ បានឯករាជ្យទាំងស្រុងពីអាណានិគមនិយមបារាំង ការទាមទារប្រាសាទព្រះវិហារមកវិញ ក៏ដូចជាបេសកកម្មដ៏ឧត្ដុង្គឧត្ដមក្នុងការបង្រួបបង្រួមជាតិ និងកសាងសមិទ្ធផលសង្គមជាតិជាច្រើនរាប់មិនអស់ ។

ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា គំរូវីរភាពដ៏ក្លាហាន និងព្រះរាជហឫទ័យស្នេហាជាតិដ៏មុតស្រួចរបស់ព្រះអង្គ នឹងស្ថិតនៅស្ថិតស្ថេរក្នុងក្រអៅបេះ ដូងប្រជារាស្ត្រខ្មែរគ្រប់ជាន់ថ្នាក់ជានិច្ចកាល ។ ក្នុងនាមជាអ្នកបន្តវេន ថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តខិតខំប្រឹងប្រែងបន្តកសាង និងអភិវឌ្ឍន៍ប្រទេស ជាតិឱ្យកាន់តែរីកចម្រើនរុងរឿងលើគ្រប់វិស័យ ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាព និងលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ។

ជាមួយគ្នានេះ ពិធីទាំងមូលបានបញ្ចប់ទៅក្រោមបរិយាកាសដ៏ក្រៀមក្រំ ប្រកបដោយការដឹងគុណ និងការចងចាំជានិច្ច នូវព្រះមហាករុណាទិគុណដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ព្រះអង្គចំពោះជាតិ និងប្រជារាស្ត្រខ្មែរ៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *