អភិបាលរាជធានីភ្នំពេញ និងរដ្ឋធានីអាស្តាណា ចុះអនុស្សរណៈយោគយល់គ្នា ស្តីពី ការបង្កើតចំណងសម្ព័ន្ធមេត្រីភាព

admin By admin October 18, 2026

រដ្ឋធានីអាស្តាណា ៖ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅរដ្ឋធានីអាស្តាណា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងឱកាសអមដំណើរដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ​ និងទស្សនកិច្ចការងារនៅសាធារណរដ្ឋកាហ្សាក់ស្ថាន ឯកឧត្តម ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ហ្សេនីស កាស៊ីមប៊េក (ZHENIS KASSYMBEK) អភិបាលនៃរដ្ឋធានីអាស្តាណា បានអញ្ជើញចូលរួមក្នុងពិធីផ្លាស់ប្តូរឯកសារអនុស្សរណៈយោគយល់គ្នាស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋធានីអាស្តាណា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។ 

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា​និងឯកឧត្តម Kassym-Jomart Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន។

យោងតាមសេចក្ដីរាយការពីរដ្ឋធានីអាស្តាណា លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្សរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រាជធានីភ្នំពេញ​ និងរដ្ឋធានីអាស្តាណា បានព្រមព្រៀម​ ចុះអនុស្សរណៈយោគយល់គ្នាដើម្បីបង្កើតចំណងសម្ព័ន្ធមេត្រីភាពជាមួយគ្នា ក្នុងគោលបំណងជំរុញការអភិវឌ្ឍចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើកិច្ចការសំខាន់ៗរួមមាន៖

១. ការសម្របសម្រួលការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមកនិងប្រតិភូធុរកិច្ចនានា ដើម្បីធ្វើឱ្យរីកចម្រើននូវកិច្ចសហប្រតិបតិ្តការក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងនវានុវត្តន៍ បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាឌីជីថល វប្បធម៌ កីឡា ការដឹកជញ្ជូន ទេសចរណ៍ និងវិស័យផ្សេងៗទៀត ដែលមានប្រយោជន៍រួម។ 

២. ជំរុញការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍នៅក្នុងវិស័យគ្រប់គ្រងទីក្រុងជួយសម្រួលក្នុងការរៀបចំទស្សនកិច្ចរបស់ក្រុមអ្នកច្នៃប្រឌិត និងឥស្សរជនវប្បធម៌ក៏ដូចជាការរៀបចំពិព័រណ៍សិល្បៈ។

៣. ជំរុញការអភិវឌ្ឍវិស័យសក្តានុពលថ្មីៗ និងទម្រង់នៃកិច្ចសហប្រតិបត្តិការ ប្រកបដោយនវានុវត្តន៍ ដើម្បីលើកកម្ពស់សក្តានុពលរបស់រដ្ឋបាលទីក្រុងនិងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការគ្រប់គ្រងធនធាន។

៤. សិក្សាស្វែងយល់ពីលទ្ធភាពនៃការអភិវឌ្ឍ និងការអនុវត្តគម្រោងរួមគ្នាដោយផ្អែកលើលក្ខខណ្ឌដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ 

លោកស្រីអ្នកនាំពាក្យ ក៏បានបញ្ជាក់បន្ថែមទៀតថា នៅបន្ទាប់ពីពិធីប្តូរឯកសារអនុស្សរណៈយោគយល់គ្នានេះរួចមក ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏បានប្រគល់ជូននូវលិខិតអញ្ជើញឯកឧត្តម ហ្សេនីស កាស៊ីមប៊េក (ZHENIS KASSYMBEK) អភិបាលនៃរដ្ឋធានីអាស្តាណា ដើម្បីដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញនាពេលវេលាសមស្របណាមួយផងដែរ៕

ប្រភព ៖ រដ្ឋបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *