ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព លើកទី២ ឆ្នាំ២០២៦ នៅក្រុងពោធិ៍សាត់

admin By admin October 19, 2026

ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ និងជាប្រធានលេខាធិការដ្ឋានខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព លើកទី២ ឆ្នាំ២០២៦ នៅរដ្ឋបាលក្រុងពោធិ៍សាត់ ក្នុងគោលបំណងពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយនេះនៅមូលដ្ឋាន។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរង និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋានខេត្ត លោកអភិបាលក្រុង លោក លោកស្រីអភិបាលរងក្រុង លោកនាយការិយាល័យកិច្ចការប៉ុស្តិ៍នគរបាល លោកចៅសង្កាត់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល លោកមេភូមិ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ បានអានរបាយការណ៍ស្វាគមន៍ និងរាយការណ៍អំពីលទ្ធផលការងារពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពរបស់រដ្ឋបាលក្រុង ដោយបង្ហាញពីវឌ្ឍនភាពការងារ និងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

បន្ទាប់មក លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា បានលើកឡើងពីលទ្ធផលនៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ ក្នុងក្រុងពោធិ៍សាត់ ព្រមទាំងបានចែករំលែកបទពិសោធន៍ល្អៗរបស់បណ្តាប៉ុស្តិ៍ដែលអនុវត្តការងារបានល្អប្រសើរ។ ជាមួយគ្នានេះ លោកបានជំរុញឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់បន្តយកចិត្តទុកដាក់លើការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីសម្រេចបានលទ្ធផលល្អ និងទទួលបានចំណាត់ថ្នាក់ល្អក្នុងការប្រឡងប្រណាំង។

ក្រោយពីបានស្តាប់មតិយោបល់ និងបទពិសោធន៍ការងាររបស់លោកចៅសង្កាត់ លោក ពៅ ពិសិដ្ឋ បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងនគរបាលពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ រវាងរដ្ឋបាលឃុំ-សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងការសិក្សាស្វែងយល់ពីលក្ខណៈ និងមូលហេតុនៃបទល្មើស ព្រមទាំងរៀបចំវិធានការសមស្របក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលជាបញ្ហាត្រូវការការយកចិត្តទុកដាក់ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ លោកប្រធានលេខាធិការដ្ឋាន ក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់លើការលើកទឹកចិត្ត និងការសរសើរចំពោះប្រជាការពារដែលមានស្នាដៃល្អ ព្រមទាំងធ្វើបច្ចុប្បន្នភាពទិន្នន័យប្រជាការពារឱ្យបានត្រឹមត្រូវ និងជាប្រចាំ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងការប្រើប្រាស់កម្លាំងចូលរួមការពារសន្តិសុខនៅមូលដ្ឋាន។ ជាមួយគ្នានេះ លោកអភិបាលរង បានសង្កត់ធ្ងន់លើការពង្រឹងការគ្រប់គ្រងស្ថិតិ និងទិន្នន័យជនបរទេសឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងទាន់ពេលវេលា ព្រមទាំងជំរុញឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធបន្តសហការគ្នាឱ្យបានល្អប្រសើរ ក្នុងការតាមដាន និងគ្រប់គ្រងស្ថានភាពសន្តិសុខនៅតាមមូលដ្ឋាន។

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *