សិល្បករជើងចាស់ពីររូបបានទទួលពានរង្វាន់ពីកម្មវិធី Legend Awards 2026
សិល្បករជើងចាស់ពីររូបបានទទួលពានរង្វាន់តួសម្ដែងឆ្នើម និងពានរង្វាន់កិត្តិយសក្នុងកម្មវិធី Legend Awards 2026 ដែលការប្រគល់ពានរង្វាន់នេះផ្តោតទៅលើការសម្ដែងល្អឥតខ្ចោះ ទាក់ទាញចិត្តទស្សនិកជន ព្រមទាំងការកោតសរសើរចំពោះការលះបង់ស្នាដៃដ៏មានតម្លៃ និងការជំរុញ និងអភិវឌ្ឍវិស័យភាពយន្តនៅកម្ពុជា។

សិល្បករជើងចាស់តាំងពីសម័យសង្គមរាស្ត្រនិយមលោកស្រី ឌី សាវ៉េត បានទទួលពានរង្វាន់កិត្តិយសពីកម្មវិធី Legend Awards 2026។ ការប្រគល់រង្វាន់ជូនលោកស្រី គឺដើម្បីជាការកោតសរសើរ និងទទួលស្គាល់ចំពោះការលះបង់ ស្នាដៃដ៏មានតម្លៃ និងការរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញ និងអភិវឌ្ឍវិស័យភាពយន្តនៅកម្ពុជា។

សិល្បកជើងចាស់មួយរូបទៀតគឺលោក ទេព រិនដារ៉ូ បានឈ្នះពានរង្វាន់តួសម្ដែងបុរសឆ្នើមពីកម្មវិធី Legend Awards 2026។ ការទទួលបានពានរង្វាន់នេះគឺកើតចេញពីការសម្ដែងដ៏ល្អឥតខ្ចោះ មានភាពទាក់ទាញចិត្តទស្សនិកជន និងបានបង្ហាញទេពកោសល្យដ៏អស្ចារ្យក្នុងរឿង«ចាស់កំព្រា»។ ជាមួយគ្នានេះដែរ រឿងចាស់កំព្រា ដែលលោកសម្ដែងក៏បានឈ្នះពានរង្វាន់ភាពយន្តឆ្នើម (Best Feature Film) និងឈ្នះពានរង្វាន់ អត្ថបទភាពយន្តឆ្នើម (Best Script)ក្នុងកម្មវិធី Legend Awards 2026 ផងដែរ។