រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា រំលឹកខួប ៣៣ឆ្នាំ ទិវាប្រកាសរដ្ឋធម្មនុញ្ញ២៤ កញ្ញា
ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រារព្ធពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា រំលឹកខួប៣៣ឆ្នាំ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ២៤ កញ្ញា។
ពិធីនេះបានប្រារព្ធឡើងនៅសាលាខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុងស្រុកទាំង៦ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កំលាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន និងតំណាងសមាគម។
គូសរំលឹកថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជាផលផ្លែផ្កានៃសមិទ្ធផលប្រវត្តិសាស្ត្រ ដែលត្រូវបានសភាធម្មនុញ្ញ អនុម័តផ្លូវការ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយបន្ទាប់មកត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ ។
អត្ថន័យនៃច្បាប់កំពូលនេះ គឺការបូកបញ្ចូលគ្នាយ៉ាងផ្ចិតផ្ចង់រវាង “គុណតម្លៃប្រពៃណីខ្មែរ” (ជាតិ សាសនា ព្រះមហាក្សត្រ) និង “គុណតម្លៃទំនើប”(ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ) ដោយបានទាញយកខ្លឹមសារទាំងស្រុងចេញពីឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។
ការរួមបញ្ចូលគ្នារវាងសសរស្ដម្ភទាំងពីរនេះ បានបង្កើតជាកម្លាំងចលករយ៉ាងរឹងមាំ ក្នុងការសម្របសម្រួល និងដោះស្រាយរាល់វិបត្តិនយោបាយ និងបញ្ហាច្បាប់ ព្រមទាំងធានាបាននូវសុខដុមរមនាក្នុងសង្គមកម្ពុជា ទាំងមូល។
ដើរស្របទៅតាមការវិវត្តជាក់ស្តែងរបស់សង្គម រដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានធ្វើវិសោធនកម្មចំនួន ១០លើក និងមានការបង្កើតច្បាប់ធម្មនុញ្ញបន្ថែមចំនួន ១លើក ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ជាតិ ។
ផ្អែកលើគ្រឹះដ៏រឹងមាំដែលសម្រេចបានកន្លងមក រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តដើរតាមគន្លងរដ្ឋធម្មនុញ្ញ ។រាជរដ្ឋាភិបាល នឹងបន្តពង្រឹងកម្លាំងសាមគ្គីភាពជាតិ ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងឯកភាពជាតិ ដើម្បីជាសសរទ្រទ្រង់របបនយោបាយ ឆ្ពោះទៅរកការអភិវឌ្ឍតាមរយៈ “កម្មវិធីនយោបាយ” និង “យុទ្ធសាស្ត្របញ្ចកោណ” ក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជានាវាជាតិដែលមានចំណូលខ្ពស់ ៕
ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង









