ស្នងការនគរបាលខេត្តសៀមរាប ណែនាំ និងជំរុញឱ្យគ្រប់អង្គភាព និងផែនការងារជំនាញ បន្តពង្រឹងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ

admin By admin September 28, 2026

សៀមរាប៖ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានណែនាំ និងជំរុញឱ្យគ្រប់អង្គភាព និងផែនការងារជំនាញ បន្តពង្រឹងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពង្រឹងការងារល្បាត ការការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងយកចិត្តទុកដាក់លើការបម្រើប្រជាពលរដ្ឋ និងការឆ្លើយតបចំពោះសំណូមពរ បញ្ហាប្រឈម និងហេតុការណ៍ដែលកើតមាននៅតាមមូលដ្ឋានឱ្យបានទាន់ពេលវេលា។

ការលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាស លោកឧត្ដមសេនីយ៍ទោ ហួត សុធី បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំខែកញ្ញា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរងទាំងអស់ អង្គភាពនគរបាលការពារបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ ប្រធានមជ្ឈមណ្ឌលស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ និងលោកនាយប៉ុស្តិ៍គោលដៅការពារបេតិកភណ្ឌទាំង៦ ផងដែរ។

ក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ ស្នងការ បានដឹកនាំការពិនិត្យ និងបូកសរុបលទ្ធផលការងាររបស់ផែនការងារជំនាញ ក្នុងការអនុវត្តភារកិច្ចរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៦ ព្រមទាំងពិនិត្យលើបញ្ហាប្រឈម និងចំណុចដែលត្រូវបន្តពង្រឹង ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់កងកម្លាំងនគរបាលជាតិ នៅគ្រប់មូលដ្ឋានក្នុងខេត្ត។ 

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំឱ្យគ្រប់អង្គភាព និងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ អនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីវិធានការដើម្បីធានាស្ថិរភាពសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ក្នុងនោះត្រូវបង្កើនការយកចិត្តទុកដាក់លើការរៀបចំកម្លាំងប្រចាំការ កម្លាំងល្បាត និងកម្លាំងអន្តរាគមន៍ឱ្យបានគ្រប់គ្រាន់ ពង្រឹងការការពារសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមវត្តអារាម ទីប្រជុំជន តំបន់ទេសចរណ៍ និងទីកន្លែងដែលមានប្រជាពលរដ្ឋមកជួបជុំច្រើន ព្រមទាំងត្រៀមលក្ខណៈសម្បត្តិ និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីធានាការឆ្លើយតបបានទាន់ពេលវេលាចំពោះរាល់ស្ថានការណ៍ និងហេតុការណ៍ដែលអាចកើតមាន។ ដោយត្រូវបន្តពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន កម្លាំងប្រជាការពារ ដើម្បីរួមគ្នារក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឱ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងភាពសប្បាយរីករាយ។ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ស្នងការ បានជំរុញដល់គ្រប់អង្គភាព និងមន្ត្រីនគរបាលគ្រប់រូប ត្រូវបន្តខិតខំបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិខ្មែរ ដែលប្រជាពលរដ្ឋទូទាំងខេត្តកំពុងប្រារព្ធ និងធ្វើដំណើរទៅកាន់ស្រុកកំណើត និងទីកន្លែងសក្ការៈបូជា៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *