អភិបាលខេត្តកោះកុង៖ ការរៀបចំវេទិកាពិគ្រោះយោបល់នេះ គឺដើម្បីជាប្រយោជន៍ដល់ការរៀបចំ និងកសាងកម្ម វិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ក៏ដូចជា ក្រុង ស្រុក ឃុំ សង្កាត់ ប្រកបដោយតម្លាភាព
ខេត្តកោះកុង៖ ថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា អភិបាលខេត្ត បានលើកឡើងថា ការរៀបចំវេទិកាពិគ្រោះយោបល់នេះ គឺដើម្បីជាប្រយោជន៍ដល់ការរៀបចំ និងកសាងកម្ម វិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ក៏ដូចជា ក្រុង ស្រុក ឃុំ សង្កាត់ ប្រកបដោយតម្លាភាព មានការចូលរួម មានសង្គតិភាព និងពិសេសគឺពង្រឹងការអនុវត្តនូវគោលការណ៍ទាំង៩ នៃអភិបាលកិច្ចល្អគឺៈ ការចូលរួម, នីតិរដ្ឋ, តម្លាភាព, ការព្រមព្រៀង និងឯកភាព, សមធម៌, ប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ, គណនេយ្យភាព, ការឆ្លើយតប, និងចក្ខុវិស័យជាយុទ្ធសាស្ត្រ, ហើយវេទិកានេះជាវប្បធម៌ប្រជាធិបតេយ្យ ក្នុងដំណើរប្រព្រឹត្តទៅនៃការរៀបចំ និងកសាងកម្មវិធី វិនិយោគបីឆ្នាំរំកិលរបស់បណ្តាថ្នាក់រដ្ឋបាល នៃរដ្ឋបាលថ្នាក់ក្រោមជាតិ។
ការលើកឡើងយ៉ាងដូច្នេះ នាឱកាសលោកជំទាវ អញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៧-២០២៩ របស់រដ្ឋបាលខេត្ត និងផ្សព្វផ្សាយអំពីសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល នៅថ្នាក់ក្រុង ស្រុក នៃខេត្តកោះកុង។
លោកជំទាវ បានបញ្ជាក់ថា វេទិកាពិគ្រោះយោបល់នាពេលនេះ នឹងបង្ហាញអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋាន ទូទាំងខេត្ត ដើម្បីសម្របសម្រួលបន្សំនូវតម្រូវការអភិវឌ្ឍន៍ទាំងនេះ ជាមួយគម្រោង និងធនធាន របស់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធ ក្នុងគោលបំណងឆ្លើយ តបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្ត ប្រកបដោយប្រសិទ្ធភាព។
វេទិកានេះ នឹងធ្វើការ ផ្សព្វផ្សាយ ក៏ដូចជាការជូនដំណឹង អំពីដំណើរការរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធី វិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ នៅតាមបណ្តាក្រុង ស្រុក គិតចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នេះតទៅ សម្រាប់មន្ទីរ អង្គភាព សាខា ជុំវិញខេត្ត អង្គការសង្គមស៊ីវិល សមាគមនានា និងសប្បុរសជន ក្នុងការត្រៀមលក្ខណៈ ចូលរួមគាំទ្រ និងផ្តល់អនុសាសន៍ដែលមានហេតុផលសមស្រប ចំពោះគម្រោងអាទិភាព របស់រដ្ឋបាល ក្រុង ស្រុក និងឃុំ សង្កាត់។
រដ្ឋបាលខេត្តកោះកុង បានរៀបចំវេទិកាពិគ្រោះយោបល់នេះ ឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម ៖
១.ពិនិត្យ និងកែសម្រួលសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩
២.ពិគ្រោះ និងផ្តល់យោបល់លើការរៀបចំតារាងនានា ក្នុង PIP ២០២៧-២០២៩
៣.ពង្រីកកិច្ចសហការគ្នារវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលក្រុង ស្រុក និងភាគីពាក់ព័ន្ធនានា
៤.ដើម្បីកៀគរធនធាន សម្រាប់គាំទ្រគម្រោងវិនិយោគ ដែលស្នើឡើងដោយរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក
៥.សម្របសម្រួល និងបន្សំគ្នារវាងគម្រោងនៃកម្មវិធីវិនិយោគខេត្ត ជាមួយនិងគម្រោង នៃ កម្មវិធីវិនិយោគ ក្រុង ស្រុក គម្រោងនៃកម្មវិធីវិនិយោគឃុំ សង្កាត់ និងគម្រោងរបស់ បណ្តា អង្គការជាតិ អន្តរជាតិ និងវិស័យឯកជន។
លោកជំទាវ ឈី វ៉ា មានជំនឿជឿជាក់យ៉ាងមុតមាំ ចំពោះចំណាត់ការប្រកបដោយភាពប្រាកដ និយមរបស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តយ៉ាងជោគជ័យនូវគោលនយោបាយនានា សំដៅដោះស្រាយនូវការប្រឈមនឹងវិបត្តិសេដ្ឋកិច្ចសកល ការកើននៃតម្លៃទំនិញសម្ភារប្រើប្រាស់ ការដោះស្រាយបញ្ហាសង្គមផ្សេងៗក៏ដូចជាបញ្ហាព្រំដែនផងដែរ។ ទោះបីបញ្ហាប្រឈមទាំងនោះធ្វើឱ្យប៉ះពាល់ខ្លះៗ ដល់ដំណើរការអភិវឌ្ឍន៍ប្រទេស ក៏ដូចជាខេត្តទាំងមូលក៏ដោយ ក៏រាជរដ្ឋាភិបាល នៅតែអនុវត្តគោលនយោបាយគាំពារសង្គមជួយគ្រួសារ ជួបការលំបាក បងប្អូនអតីតយុទ្ធជន និងជនមានពិការភាពដែលមានជីវភាពខ្វះខាត ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ ជា ពិសេសបានប្រកាសដាក់ឱ្យប្រើប្រាស់នូវ កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដល់ក្រុម គោលដៅយុវជនមកពីគ្រួសារ ដែលមានជីវភាពក្រីក្រ និងងាយរងហានិភ័យផងដែរ។
ប្រភព៖ រដ្ឋបាលខេត្តកោះកុង









