ឯកឧត្ដម នៅ លក្ខណា អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “វិធីសាស្ត្រអភិវឌ្ឍន៍ជំនាញ សរសេរផែនការយុទ្ធសាស្ត្រ”
នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “វិធីសាស្ត្រអភិវឌ្ឍន៍ជំនាញ សរសេរផែនការយុទ្ធសាស្ត្រ” ដែលរៀបចំឡើងដោយលេខាធិការដ្ឋាន គ.ប.ផ.ក. សហការជាមួយសាលា ដេលីផ្លាស។
វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃ៣០ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមដោយ ឯកឧត្ដមទីប្រឹក្សាក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ឯក ប្រធានលេខាធិការ គ.ប.ផ.ក. ថ្នាក់ដឹកនាំ និងសមាជិកចំណុះលេខាធិការដ្ឋានជាច្រើនរូប ដែលមានឯកឧត្តមសាស្ត្រាចារ្យ ហោ ប៊ុនឡេង ជាគ្រូឧទ្ទេស ក្នុងគោលបំណងបង្កើនសមត្ថភាព និងចំណេះដឹងដល់ថ្នាក់ដឹកនាំ និងសមាជិកចំណុះលេខាធិការដ្ឋាន គ.ប.ផ.ក. ឱ្យកាន់តែមុតស្រួច ក្នុងការតាក់តែងផែនការ យុទ្ធសាស្ត្រដែលមានលក្ខណៈស្តង់ដា ប្រកបដោយទំនុកចិត្តនិងប្រសិទ្ធភាពខ្ពស់ សម្រេចបានទៅតាមគោលបំណងរបស់អង្គភាព ឬស្ថាប័នរបស់ខ្លួន ស្របទៅតាមទិសដៅនិងផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម នៅ លក្ខណា ប្រធាន គ.ប.ផ.ក. បានមានប្រសាសន៍ថា ក្រោមការណែនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់និងយកចិត្តទុកដាក់ជាប់ជាប្រចាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យមានការអភិវឌ្ឍសមត្ថភាពមន្រ្តី តាមរយៈគន្លឹះ៣សំខាន់ៗរួមមាន ទី១៖ គឺការស្វ័យសិក្សា ទី២៖ ការបណ្ដុះបណ្ដាលផ្ទៃក្នុង និងទី៣៖ ការរៀបចំនិងការចាត់បញ្ជូនទៅទទួលការបណ្ដុះបណ្ដាលជំនាញ រយៈពេលខ្លីនិងរយៈពេលវែង ដែលមានក្នុងក្របខណ្ឌក្រសួងមហាផ្ទៃជាដើម។
ឯកឧត្តម ប្រធាន គ.ប.ផ.ក. បានមានប្រសាសន៍បន្តថា វគ្គបណ្តុះបណ្តាលបានធ្វើឡើងជាបន្តបន្ទាប់ ក្រោមប្រធានបទគន្លឹះសំខាន់ផ្សេងៗគ្នា រួមមានការសិក្សាពីច្បាប់នានាជាដើមនាពេលកន្លងមក ក្នុងគោលបំណងបង្កើនសមត្ថភាពមន្រ្តីជាជំហានៗ ដើម្បីឆ្លើយតបទៅនឹងបេសកកម្មរបស់ គ.ប.ផ.ក.៕














