អភិបាលខេត្តតាកែវ នាំយកអំណោយមនុស្សធម៌ផ្តល់ជូនពលរដ្ឋទីទ័លក្រ និងរងគ្រោះដោយជំនន់ទឹកភ្លៀង ១២គ្រួសារ នៅស្រុកទ្រាំង
តាកែវ៖ នាព្រឹកថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញដឹកនាំប្រតិភូរួមដំណើរ រួមមាន៖ សមាជិក សមាជិកាគណៈកម្មាធិការសាខា នាយកប្រតិបត្តិសាខា មន្ត្រីប្រតិបត្តិសាខា និងអនុសាខាស្រុកទ្រាំង ចុះសួរសុខ ទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពល រដ្ឋចំនួន ១២ គ្រួសារ ដែលជាគ្រួសារទីទ័លក្រ និងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិត្រពាំងកក់ និងភូមិអង្គកែវ ស្ថិតនៅឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ ។
នៅក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខយ៉ាងជ្រាលជ្រៅ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទី ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការដាច់បាយ គ្មានអាហារបរិភោគ ឬរងគ្រោះដោយគ្មានការជួយជ្រោមជ្រែងនោះឡើយ ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានសម្តែងនូវការសោកស្តាយចំពោះផលប៉ះពាល់ ដែលបង្កឡើងដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនាពេលនេះ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេសត្រូវមើលថែកូនចៅតូចៗ និងមនុស្សចាស់ជរាឱ្យបានល្អ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលត្រូវ បានផ្តល់ជូនប្រជាពលរដ្ឋទាំង ១២ គ្រួសារ នាពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន៖អង្ករ ២៥ គីឡូក្រាមត្រីខ ១ យួរ មី ១ កេស ប្រេងឆា ១ លីត្រ នំ ១ កញ្ចប់ទឹកត្រី ៣ ដប ទឹកស៊ីអ៊ីវ ៣ ដប កន្ទេល ១ មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១ ព្រមទាំងថវិកាមួយចំនួនទៀត៕
ប្រភព ៖ រដ្ឋបាលខេត្តតាកែវ







