ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញឱ្យរដ្ឋបាលក្រុង ស្រុកយកចិត្តទុកខ្ពស់ និងជំរុញការផ្សព្វផ្សាយដល់អាណាព្យាបាលឱ្យយល់ដឹងអំពីករណីលង់ទឹកក្នុងរដូវវស្សា

admin By admin October 6, 2026

នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញឱ្យរដ្ឋបាលក្រុង ស្រុកយកចិត្តទុកខ្ពស់ និងជំរុញការផ្សព្វផ្សាយដល់អាណាព្យាបាលឱ្យយល់ដឹងអំពីករណីលង់ទឹកក្នុងរដូវវស្សា។

ការលើកឡើងបែបនេះ ក្នុងឱកាស ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៉ឹង គឹមលាង អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ នៅបន្ទប់ប្រជុំសាលាខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាសជិកក្រុមប្រឹក្សាខេត្ត នាយក នាយករងរដ្ឋបាលខេត្ត លោក អភិបាល នៃគណៈអភិបាលក្រុង ស្រុក និងតំណាងស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត  ព្រមនាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត។

ក្នុងនោះដែរ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តបានណែនាំដល់លោក អភិបាលក្រុង ស្រុកធ្វើការពិនិត្យការងារគ្រោះមហន្តរាយបន្ទាប់ពីទឹកបានស្រក និងត្រូវវាយតម្លៃនៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធ សាលារៀន និងដំណាំផ្សេង ពិសេសដំណាំស្រូវផងដែរ។ 

ទន្ទឹមនឹងនេះ ឯកឧត្តម ប្រធានក៏បានជំរុញក្រុមការងារចុះមូលដ្ឋានពិនិត្យ និងដោះស្រាយរាល់បញ្ហាដែលប្រជាពលរដ្ឋបានលើកឡើង ចៀសវាងមានបញ្ហានៅសេសសល់ច្រើន ម្យ៉ាងទៀតរាល់បញ្ហាដែលបានដោះស្រាយរួច សូមបញ្ជូនទៅក្រុង ស្រុក ដើម្បីធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋបានជ្រាបអំពីដំណោះស្រាយរបស់យើង មួយវិញទៀត រដ្ឋបាលក្រុង ស្រុក ត្រូវណែនាំ និងពិនិត្យផ្ទៀងផ្ទាត់ ការងារអត្រានុកូលដ្ឋាន ជាពិសេសអត្តសញ្ញាណបណ្ណ ដែលផុតកំណត់ និងហួសសុពលភាព ត្រូវរៀបចំធ្វើជូនប្រជាពលរដ្ឋឡើងវិញ។

លោក អភិបាលក្រុង ស្រុកក៏បានរាយការណ៍អំពីផលប៉ះពាល់នូវគ្រោះមហន្តរាយដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក ដោយក្នុងនោះដំណាំស្រូវមិនទាន់មានផលប៉ះពាល់នៅឡើយទេ ព្រោះទឹកជន់លិចមានរយៈពេលខ្លី ហើយហេដ្ឋារចនាសម្ព័ន្ធមានប៉ះពាល់មួយចំនួន។ 

ទន្ទឹមនឹងនេះ យើងក៏មានការសោកស្តាយចំពោះឧបទ្ទេវហេតុដែលមានក្មេងៗលង់ទឹកបណ្តាលឱ្យបាត់បង់ជីវិតផងដែរ។ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំបន្ថែមដល់ក្រុង ស្រុកដើម្បីធ្វើការទប់ស្កាត់ និងរៀបចំផែនការក្នុងការត្រៀមជម្លៀសបងប្អូនដើម្បីរកទីទួលសុវត្ថិភាព ហើយក្រុង ស្រុកត្រូវមានផែនទីមួយដើម្បីពិនិត្យនូវផ្លូវទឹកក្នុងការរំដោះទឹកនាឆ្នាំក្រោយៗ។ មួយវិញទៀត យើងត្រូវជំរុការផ្សព្វផ្សាយបន្ថែមអំពីដល់អាណាព្យាបាលរបស់កុមារ ដើម្បីកុំឱ្យកុមារទៅលេងទឹកក្នុងអំឡុងពេលទឹកឡើង។

លោក អ៉ឹង គឹមលាង បានរាយការណ៍ថា ការងារគ្រោះមហន្តរាយនេះ ឆ្នាំមុនៗខេត្តយើងមានរន្ទះបាញ់ និងលង់ទឹកច្រើន ប៉ុន្តែពីរឆ្នាំចុងក្រោយនេះ គឺយើងមានការកាត់បន្ថយច្រើន ពិសេសរន្ទះបាញ់ ដោយសារតែខេត្តយើងបានដំឡើងប្រព័ន្ធការពាររន្ទះនៅតាមទីតាំងមួយចំនួន។ ពាក់ព័ន្ធនឹងការលង់ទឹក សូមក្រុង ស្រុកជំរុញផ្សព្វផ្សាយបន្ថែមទៀត ដើម្បីកាត់បន្ថយឱ្យបានខ្ពស់ចំពោះករណីនេះ។ 

មួយវិញទៀត ចំពោះការស្តារប្រឡាយ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានធ្វើការចុះពិនិត្យ និងកាយប្រឡាយបានមួយចំនួន ដើម្បីពន្លឿនឱ្យទឹកហូរបានលឿនចៀសវាងជន់លិចយូរ។ ដោយឡែក នៅប្រព័ន្ធធារាសាស្ត្រមួយចំនួន និងទន្លេសាបនៅមានកម្ពស់ទឹកមួយដែលយើងគ្រប់គ្រងបាន។

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *