ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អញ្ជើញចូលរួមពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី ការត្រៀមលក្ខណៈជាយុទ្ធសាស្ត្រ និងភាពធន់សម្រាប់ដំណើរការវាយតម្លៃអញ្ញមញ្ញរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF)
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញចូលរួមពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី ការត្រៀមលក្ខណៈជាយុទ្ធសាស្ត្រ និងភាពធន់សម្រាប់ដំណើរការវាយតម្លៃអញ្ញមញ្ញរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន គ.ស.ហ.ដោយមានការចូលរួមពី ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និង ជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, លោក T. Raja Kumar អតីតប្រធានក្រុមការងារហិរញ្ញវត្ថុ (FATF) និងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក គ.ស.ហ. និងជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សិក្ខាសាលាថ្នាក់ជាតិនេះ ប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ទី៨ ខែតុលា ឆ្នាំ២០២៦។
សិក្ខាសាលាថ្នាក់ជាតិនេះ រៀបចំឡើងដើម្បីផ្សព្វផ្សាយ និង បណ្តុះបណ្តាលដល់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួង ស្ថាប័ន ដែលទទួលបន្ទុកលើការងារប្រឆាំងការសម្អាតប្រាក់, ការប្រឆាំងហិរញ្ញប្បទានភេរវកម្ម និង ការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ អំពី (ទី១)-គោលនយោបាយ និង ស្តង់ដាបច្ចេកទេសរបស់ក្រុមការងារហិរញ្ញវត្ថុ FATF ពាក់ព័ន្ធនឹងលទ្ធផលជាក់ស្តែង (Immediate Outcomes – IOs) នីមួយៗ និង (ទី២)-ដំណើរការនៃការវាយតម្លៃអញ្ញមញ្ញ (Mutual Evaluation) របស់ក្រុមការងារហិរញ្ញវត្ថុ FATF និង របស់ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្តីពីការសម្អាតប្រាក់ (APG) ជាពិសេស ការវិវត្ត និង បច្ចុប្បន្នភាពនៃនីតិវិធីនៃការវាយតម្លៃអញ្ញមញ្ញសកលជុំទី ៥ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការរៀបចំរបាយការណ៍ និង ឯកសារចាំបាច់នានា ពិសេស ការត្រៀមលក្ខណៈសម្រាប់ការវាយតម្លៃអញ្ញមញ្ញ នៅឆ្នាំ២០២៨-២០២៩ ខាងមុខនេះ ក៏ដូចជា លើកកម្ពស់សមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់ និងប្រសិទ្ធភាពនៃកិច្ចសម្របសម្រួលក្នុងចំណោមក្រសួង ស្ថាប័នពាក់ព័ន្ធ។









