ឯកឧត្តម សរ សិទ្ធិ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការបូកសរុបលទ្ធផលការងារត្រីមាសទី៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៦ របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា
ភ្នំពេញ៖ ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២សហព័ន្ធ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ តាមប្រព័ន្ធ Zoom Meeting ស្តីពី “ការបូកសរុបលទ្ធផលការងារត្រីមាសទី៣ និង លើកទិសដៅការងារបន្ត ឆ្នាំ២០២៦” របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា និងស្ថាប័នរៀងៗខ្លួន នៅមជ្ឈមណ្ឌលអភិវឌ្ឍធនធានកីឡាក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។
នាឱកាសនោះ ឯកឧត្តម អនុប្រធានទី២សហព័ន្ធ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម អភិបាល គណៈអភិបាលខេត្តស្វាយរៀង ដែលបានផ្ដល់ទីតាំងសម្រាប់ការសាងសង់សហព័ន្ធកីឡាទូកកានូ និងរ៉ូអុីកម្ពុជា។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានី-ខេត្តជាសមាជិកប្រតិបត្តិសហព័ន្ធទាំងអស់ដែលតែងតែគាំទ្រ ទាំងស្មារតី និងថវិកា ដល់សហព័ន្ធកីឡាទូកកានូ និងរ៉ូអុីកម្ពុជា ដែលនេះបង្ហាញឱ្យឃើញពីស្មារតីរួបរួមគ្នា ដើម្បីឱ្យកាន់តែមានការរីកចម្រើនទៅមុខ។
ឯកឧត្តម សរ សិទ្ធិ មានប្រសាសន៍បន្ថែមថា ក្រោមការដឹកនាំរបស់ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា តែងតែជំរុញដល់ថ្នាក់ដឹកនាំ ក៏ដូចជាគ្រូបង្វឹក ត្រូវបង្កើនការយកចិត្តទុកដាក់ លើការហ្វឹកហាត់របស់កីឡាករ-កីឡាការិនី ក៏ដូចជាកីឡាករថ្នាល ដើម្បីបង្កើនសមត្ថភាព គុណភាព និងបច្ចេកទេស៕
ប្រភព៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា











