រដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនកងទ័ពការពារព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងខេត្តស្ទឹងត្រែង
ព្រះវិហារ ៖ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានអញ្ជើញចុះសួរសុខទុក្ខនាយទាហាន ពលទាហាន នាយនគរបាល និងពលនគរបាល នៃកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ កងនគរបាលជាតិវរសេនាតូចការពារព្រំដែនលេខ៧៩៣ ឈរជើងការពារនៅខ្សែក្រវាត់ព្រំដែនប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូចអន្តរាគមន៍លេខ ១២៨ឈរជើងការពារតំបន់អូរអាឡៃ ខេត្តស្ទឹងត្រែង ជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដោយពិធីនេះ បានធ្វើឡើងរួមគ្នានៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នៃយោធភូមិភាគទី១ ខេត្តព្រះវិហារ។
ឯកឧត្តម ឃួង ស្រេង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់របស់កងកម្លាំងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែនទាំងអស់បានលះបង់សាច់ស្រស់ ឈាមស្រស់ដោយយកទ្រូងទៅធ្វើជាខែលការពារជាតិនិងប្រជាជន ពីចោរឈ្លានពាន ជាពិសេសគឺការបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងថែរក្សាការពារនូវសន្តិភាព និងស្ថិរភាពនយោបាយ ដែលសម្រេចបានដោយសម្តេចតេជោអតីតនាយករដ្ឋមន្ត្រី តាមរយៈការអនុវត្តប្រកបដោយភាពជោគជ័យនូវនយោបាយឈ្នះ ឈ្នះ។
ឯកឧត្តម ឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងជួរមុខទាំងអស់ ចំពោះភាពអត់ធ្មត់ខ្ពស់បំផុតគោរពតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលបើទោះបីមានការញុះញង់ អុចអាលនិងចង់បង្កសង្គ្រាមពីចោរឈ្លានពានយ៉ាងណាក្តី។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានមានប្រសាសន៍ថា ការចុះសួរសុខទុក្ខ និងផ្តល់អំណោយ នាពេលនេះ ពិតជាបានឆ្លុះបញ្ចាំង និង សបញ្ជាក់យ៉ាងច្បាស់ នូវអត្ថន័យយ៉ាងធំធេង ពីការរួមសុខរួមទុក្ខការយកចិត្តទុកដាក់ ការគិតគូរពីសុខទុក្ខការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធរវាងសមរភូមិក្រោយជាមួយសមរភូមិមុខ ក្នុងស្មារតីស្នេហាជាតិ «ខ្មែរតែមួយ»៕
ប្រភព ៖ រដ្ឋបាលរាជធានីភ្នំពេញ










